ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមនៅមុខផ្ទះរបស់ខ្លួនថ្នាក់ដែលជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណបានលួចកាប់ មិនទាន់ដឹងមូលហេតុច្បាស់លាស់។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យដៃដល់បានរត់គេចខ្លួនបាត់។
ហេតុការណ៍ស្ត្រីរងគ្រោះត្រូវបានជនដៃដល់កាប់បណ្ដាលស្លាប់ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំក្នុងភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចស្រុកសំរោងទងបានឲ្យដឹងថានៅមុនពេលកើតហេតុ មានជនសង្ស័យដៃដល់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ ពៅ ឃន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុមុខផ្ទះរបស់ខ្លួន ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យដៃដល់ខាងលើបានរត់គេចខ្លួនបាត់ មិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយនោះទេ។
សមត្ថកិច្ចស្រុកសំរោងទងបានបន្តថាសពស្ត្រីរងគ្រោះខាងលើត្រូវបានជនដៃដល់កាប់និងវត្ថុរឹង ហើយសពផ្កាប់មុខទៅនឹងដី ចំណែកក្បាលបែរទៅទិសខាងជើង ។
ចំពោះករណីខាងលើនេះនគរបាលជំនាញបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសែនដីបានចុះដល់កន្លែងកើតហេតុនឹងបានធ្វើការហ៊ុមព័ទ្ខ្សែរង់ចាំជំនាញបច្ចេកទេសខេត្តកំពង់ស្ពឺ ចុះពិនិត្យនឹងធ្វើកោសល្យវិច្ច័យបន្ដដើម្បីស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យដៃដល់ខាងលើធ្វើការឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ