ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នងបានរលំនិងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផ្សេងទៀតទៀតបានរងការខូចខាតរបើកដំបូលនិងសំយាបខណៈដែលមេឃធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់។
សមត្ថកិច្ចស្រុកឱរ៉ាល់បាននិយាយដឹងថាកាលពីវេលាម៉ោង០១និង៣០រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ មានករណីខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ រលំ និងរបើកដំបូលចំនួន៣ភូមិ ឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចស្រុកឱរ៉ាល់បានឲ្យដឹងថា ទី១- ក្នុងភូមិតាម៉ិញ ឃុំសង្កែស្រទាប រងការខូចខាតរលំផ្ទះចំនួន០៣ខ្នង ដាច់សំយាបផ្ទះចំនួន០២ខ្នង របើកដំបូលក្បឿងចំនួន៣០ខ្នង រលំរោងការចំនួន០១រោង រលំបាក់ផ្លាកគណបក្សចំនួន១ផ្ទាំង និងរលំបាក់ផ្លាកយីហោភេសជ្ជ:បូសស្ត្រងចំនួន០២ផ្ទាំង។
ទី២-ភូមិតាំងស្រឹង ឃុំសង្កែស្រទាប រងការខូចខាតផ្ទះប្រជាពលរដ្ឋរបើកដំបូលក្បឿងចំនួន០៣ខ្នង របើកដំបូលស័ង្កសីចំនួន០៣ខ្នង និងរលំបាក់ផ្លាកផ្លាកគណបក្សចំនួន១ផ្ទាំង។
ទី៣- ភូមិស្រែវៀន ឃុំសង្កែស្រទប រងការខូចខាតផ្ទះប្រជាពលរដ្ឋរបើកដំបូលក្បឿងចំនួន៤ខ្នង និងរបើកដំបូលស័ង្កសីចំនួន១៦ខ្នង។
សមត្ថកិច្ចស្រុកឱរ៉ាល់បានបញ្ជាក់ថា សរុបរួមហេតុការណ៍គ្រោះធម្មជាតិ(ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់)នេះ បង្កការប៉ះពាល់ក្នុងឃុំសង្កែសាទបសរុបចំនួន៣ភូមិ បណ្តាលឱ្យរងការខូចខាតសរុបរួម ៖
-រលំផ្ទះចំនួន០៣ខ្នង
-ដាច់សំយាបផ្ទះចំនួន០២ខ្នង
-របើកដំបូលក្បឿងចំនួន៣៧ខ្នង
-របើកដំបូលស័ង្កសីចំនួន១៩ខ្នង
-រលំរោងការចំនួន១រោង
-រលំបាក់ផ្លាកគណបក្សចំនួន២ផ្ទាំង
-រលំបាក់ផ្លាកយីហោភេសជ្ជ:បូសស្ត្រងចំនួន២ផ្ទាំងផងដែរ។
សមត្ថកិច្ចស្រុកឱរ៉ាល់បានបញ្ជាក់ទៀតថាចំពោះករណីភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅក្នុងស្រុកឱរ៉ាល់ដែលបណ្ដាលឲ្យរលំផ្ទះរបើកដំបូលនិងផ្ទាំងប៉ាណូខាងលើនេះមិនបង្កឲ្យមានការរងរបួស ឬគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ៕









ចែករំលែកព័តមាននេះ