ខេត្តស្ទឹងត្រែង៖ រដ្ឋបាលក្រុងស្ទឹងត្រែង បានសម្រេចចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ បន្ទាប់ពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបើកឧបករណ៍បំពងសំឡេងលើសម៉ោងកំណត់ បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ។
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង បានចាត់តាំងលោកអភិបាលរងក្រុង ដឹកនាំកម្លាំងសមត្ថកិច្ច និងនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ចុះទៅដល់ទីតាំងអាជីវកម្មចិញ្ចឹមត្រចៀកកាំ ដែលស្ថិតនៅក្បែរសមាគមអតីតយុទ្ធជន។
ការចុះអនុវត្តនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋបានថតរូបភាពផ្ដល់ជាភស្តុតាងថា ទីតាំងខាងលើបានបើកឧបករណ៍បំពងសំឡេងត្រចៀកកាំលើសម៉ោងកំណត់ កាលពីយប់ថ្ងៃទី០៣ ខែមីនា ដែលជាការល្មើសនឹងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត។
ឆ្លើយតបរហ័សភ្លាមៗលោកអភិបាលខេត្តស្ទឹងត្រែងបានដាក់គោលដៅជូនលោកអភិបាលក្រុងដើម្បីចុះពិនិត្យជាក់ស្ដែងផងដែរ។
ជាលទ្ធផល រដ្ឋបាលក្រុងបានចុះអប់រំណែនាំដល់ម្ចាស់ទីតាំងឱ្យបញ្ឈប់សកម្មភាពល្មើស និងបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដើម្បីធានាថាការប្រកបអាជីវកម្មនេះនឹងមិនបង្កផលប៉ះពាល់ដល់អ្នកជិតខាងបន្តទៀតឡើយ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់ពេលវេលាបើកឧបករណ៍បំពងសំឡេងសម្រាប់អាជីវកម្មត្រចៀកកាំ ដោយផ្អែកលើ៖ អនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង។
ដើម្បីឆ្លើយតបនឹងសំណូមពររបស់ពលរដ្ឋ រដ្ឋបាលខេត្តបានដាក់វិធានការម៉ោងពេលដែលត្រូវអនុវត្ត សម្រាប់ម្ចាស់ទីតាំងចិញ្ចឹមសត្វត្រចៀកកាំទាំងអស់ ត្រូវហាមឃាត់ដាច់ខាតរាល់ការបើកឧបករណ៍បំពងសំឡេង ចាប់ពីម៉ោង ១៨៖០០នាទីល្ងាច រហូតដល់ម៉ោង ៦៖០០នាទីព្រឹក។ រដ្ឋបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងករណីម្ចាស់អាជីវកម្មនៅតែបន្តល្មើសនឹងសេចក្ដីជូនដំណឹងនេះ នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់យ៉ាងតឹងរ៉ឹងឈានទៅបិទទីតាំងអាជីវកម្មនោះជាស្ថាពរ។
រដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ឱ្យបន្តតាមដាន និងត្រួតពិនិត្យជាប្រចាំលើគ្រប់ទីតាំងទាំងអស់ ដើម្បីធានាសុខុមាលភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងទាំងមូល ៕


ចែករំលែកព័តមាននេះ