ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​បញ្ចប់​ការ​ស៊ើបសួរ​ក្រុម Online Scams ចិន​៥​នាក់​ប្រឈម​មុខការ​ឃុំខ្លួន​នៅ​​ពន្ធនាគារ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ បាន​បញ្ចប់​លើ​ការ​ស៊ើបសួរ​លើ​ក្រុម​អ្នក​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ តាម​អន​ឡាញ​ចំពោះ​ជន​ជាត​ចិន​៥​នាក់ រួច​សំណុំរឿង​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ បាន​បញ្ចប់​លើ​ការ​ស៊ើបសួរ​លើ​ក្រុម​អ្នក​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ តាម​អន​ឡាញ​ចំពោះ​ជន​ជាត​ចិន​៥​នាក់ រួច​សំណុំរឿង​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ជនសង្ស័យ​ទាំង​៥ នាក់​នោះ​មាន ៖
១-​ឈ្មោះ LIGING XIN ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន ។
២-​ឈ្មោះ QI QIAN ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ។
៣-​ឈ្មោះ LIU ZE XIN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន ។
៤-​ឈ្មោះ HUANG WEN WEI ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ។
៥-​ឈ្មោះ LIANG KANG HAI ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន ។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​មានការ​ចង្អុលបង្ហាញ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ចម្រុះ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ផែន​ការងារ​សន្តិសុខ ផែន​អន្តោប្រវេសន៍ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។

ក្រោម​ការ​សម្របសម្រួល​ពី​លោក ឆាយ ហុង ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​បទល្មើស​ជាក់ស្ដែង ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (SCAM ONLINE) នៅ​ចំណុច​អគារ stay city អគារ​ទី​២ ជាន់​ទី​៩ បន្ទប់​លេខ​៩១២ បន្ទប់​លេខ​៩១០ និង​អគារ​ទី​៤ ជាន់​ទី​៨ បន្ទប់​លេខ​៨២២ ស្ថិត​នៅ​ចំណុច​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​បាន​ឃាត់​មនុស្ស​ជា​ច្រើន​នាក់ ។ ប៉ុន្តែ​រក​ឃើញ​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស Scams Online តែ​៥​នាក់​ទេ និង​បាន​ធ្វើការ​ដកហូត​សម្ភារៈ​រួម​មាន ៖
Monitor ចំនួន​១៣​គ្រឿង កុំព្យូទ័រ​all in one ចំនួន​២៨​គ្រឿង កុំព្យូទ័រ​យួរដៃ​ចំនួន​៩​គ្រឿង cpu ចំនួន​១៣​គ្រឿង និង​ទូរស័ព្ទ​បម្រើ​ឲ្យ​បទល្មើស​ជា​ច្រើន​គ្រឿង ។

បន្ទាប់​មនុស្ស​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស សមត្ថកិច្ច​អនុវត្ត​តាម​នីតិវិធី ចំណែក​ជនសង្ស័យ​ជា​ជនជាតិ​ចិន​៥​នាក់ បាន​ប្រគល់​ឲ្យ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ។

មុន​នេះ ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​អន​ឡាញ​នេះ ដឹកនាំ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​) ត្រួតពិនិត្យ​ពី​ថ្ងៃ​ទី​៣ ដល់ទី​១៨ ខែកុម្ភៈ នោះ​គឺ​មាន​អគារ​ខុន​ដូ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ ដោយ​រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​ចំនួន ២១ ១០៤​នាក់ (​ស្រី ៦ ៦៨៣​នាក់​) ។

គ​.​ប​.​ឆ​.​ប បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​១៥​ថ្ងៃនេះ សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​បាន​៤០​ករណី ដោយ​ឃាត់ខ្លួន​ជនជាតិ​បរទេស​បាន​ចំនួន ២៨៤​នាក់ (​ស្រី​៣១​នាក់​) មក​ពី​១៣​សញ្ជាតិ​រួម​មាន ៖ វៀតណាម ចិន មី​យ៉ា​ន់​ម៉ា កូរ៉េ​ខាងត្បូង ម៉ា​ឡេ​ស៊ី នេ​ប៉ា​ល់ បង់​ក្លា​ដេ​ស ឥណ្ឌា ស្រី​លង្កា ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី ប៉ា​គី​ស្ថាន និង​សិង្ហ​បុរី ។

ក្នុង​ចំណោម​ករណី​បង្ក្រាប​ទីតាំង Online Scams នេះ គឺ​មាន​១១​ករណី ត្រូវ​បាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលាការ ។ ការ​បញ្ជូន​ទៅ​តុលាការ​នេះ គឺ​មាន​ទាំង​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ជា​ជនជាតិ​ចិន​២២​នាក់ សិង្ហ​បុរី​១​នាក់ និង​ខ្មែរ​១​នាក់ ។ សរុប​ទាំងអស់ ២៤​នាក់ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ ។ សម្តេច​ថ្លែង​ថា រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព​ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោស ទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគយល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ