ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរខេត្តស្ទឹងត្រែង ដឹកនាំដោយលោកអភិបាលខេត្ត លោក សរ សុពុត្រា កំពុងជំរុញយ៉ាងសស្រាក់សស្រាំក្នុងការស្ថាបនា និងពង្រីកកំណាត់ផ្លូវលេខ៦៤ ដែលជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់ តភ្ជាប់ពីរង្វង់មូលផ្លែម្នាស់ មកកាន់បេះដូងក្រុងស្ទឹងត្រែង។
យោងតាមការបញ្ជាក់ពីលោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ថាគម្រោងនេះមានលក្ខណៈបច្ចេកទេសដូចជាការពង្រីកផ្លូវពីទំហំ ៩ ម៉ែត្រ ទៅ ១៥ ម៉ែត្រ ចាក់បេតុងទទឹង ១០ ម៉ែត្រ។ សរុបប្រវែងសាងសង់ ៤៧៥ ម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកជា៤ គីឡូម៉ែត្រលេខ ២ រហូតដល់មុខស្នងការដ្ឋាននគរបាលខេត្ត ។
លោកបន្តថា ទន្ទឹមការសាងសង់ពង្រីកខ្សែផ្លូវខាងលើ មន្ត្រីជំនាញក៏បានរៀបចំសាងសង់ ដាក់លូប្រអប់ សងខាងផ្លូវ ដែលមានជម្រៅ១ម៉ែត្រ ដើម្បីការពារការលិចទឹក និងការហូរច្រោះផ្លូវ។ ហើយការសាងសង់នេះដែរ គឺគ្រោងនឹងបញ្ចប់ក្នុងរយៈពេលប្រមាណ ៣ ខែ ។
អភិបាលក្រុងស្ទឹងត្រែង លោក លី មីណា បានលើកឡើងថា ការពង្រីកផ្លូវនេះ តម្រូវឱ្យមានការរុះរើសំណង់ ដែលរំលោភលើដីចំណីផ្លូវ ដូចជា ៖ សំយ៉ាបផ្ទះ និងតូបលក់ដូរជាដើម។ លោកបានកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ និងសុខចិត្តលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍សាធារណៈ និងសោភណ្ឌភាពក្រុង ។
បើតាមការអោយដឹងបន្ថែម ផែនការអភិវឌ្ឍន៍បន្តបន្ទាប់ក្នុងឆ្នាំ ២០២៦ ក្រៅពីផ្លូវលេខ ៦៤ រដ្ឋបាលខេត្ត និងមន្ទីរជំនាញក៏មានគម្រោងសំខាន់ៗផ្សេងទៀត រួមមាន ៖ បន្តជួសជុលផ្លូវជាតិលេខ ៧, លេខ ៩ និងលេខ ៧៨។ រៀបចំសាងសង់ស្ពានបេតុង ១កន្លែង នៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ក្នុងពេលឆាប់ៗខាងមុខ ។
រដ្ឋបាលខេត្តគ្រោងដាក់ស្លាកសញ្ញា គូសគំនូសចរាចរណ៍ និងសាងសង់ រង្វង់មូលថ្មី នៅចំណុចផ្លូវប្រសព្វ ៤ គីឡូម៉ែត្រលេខ ៤ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ការខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយប្រែមុខមាត់ខេត្តស្ទឹងត្រែង ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ៕










ចែករំលែកព័តមាននេះ