ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យអាជីវកម្មពិឃាតបក្សីផ្សារចំនួន៣កន្លែង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្រុងសិរីសោភ័ណ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ដើម្បីពង្រឹងការអនាម័យកន្លែងលក់ដូរធ្វើអាជីវកម្មពិឃាតបក្សីមន្ត្រីជំនាញបានចុះពិនិត្យផ្សារចំនួន៣កន្លែងនៅក្រុងសិរីសោភ័ណ មាន១-ផ្សារហ៊ុយឡេង ២-ផ្សារទឹកថ្លា ៣-ផ្សារសិរីសោភ័ណ ដែលមានប្រមាណ៧ទីតាំង មានអ្នកធ្វើអាជីវកម្មចំនួន២៣នាក់ ។

លោកបានបញ្ជាក់ថា នៅពេលដែលមន្ត្រីជំនាញចុះពិនិត្យផ្សារក្នុងក្រុងសិរីសោភ័ណ បានធ្វើការណែនាំដល់អ្នកធ្វើអាជីវកម្មពិឃាតបក្សី ត្រូវអនាម័យកន្លែងលក់ដូរអោយបានល្អ និងមានផាសុកភាព ដើម្បីអោយអ្នកទិញទៅបរិភោគមានផាសុកភាព និងទាក់ទាញភ្ញៀវមកទិញ និងរកចំណូលកាន់តែប្រសើរឡើង តែសំណូមពរសុំអោយការលក់ដូរតំលៃទីផ្សារអោយល្អប្រសើរ ទាំងអ្នកទិញ និងអ្នកលក់ដែលអាចទទួលយកបាន ។

ប្រជាពលរដ្ឋបានកោតសរសើរចំពោះមន្ត្រីពេទ្យសត្វបានចុះណែនាំដល់អាជីវករដែលលក់សាច់គោ សាច់ក្របី និងសាច់មាន់ទា និងបក្សីចិញ្ចឹម ដែលធ្វើអាជីវកម្មលក់ដូរក្នុងផ្សារត្រូវមានគុណភាព និងអនាម័យសម្រាប់អ្នកទិញ គួរតែមន្ត្រីជំនាញចុះពិនិត្យនិងណែនាំអោយបានញឹកញាប់ទើបប្រសើរ និងជួយដល់ការចិញ្ចឹមសត្វក្នុងស្រុកអោយមានតម្លៃទីផ្សារ និងមានកម្លាំងចិត្តក្នុងការចិញ្ចឹម និងទប់ស្កាត់អោយបានសត្វនាំចូលពីប្រទេសជិតខាងការពារជំងឺឆ្លង និងសុខភាពប្រជាពលរដ្ឋក្នុងស្រុក ៕


ចែករំលែកព័តមាននេះ