ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​បរិស្ថានចុះពិនិត្យការ​ដាំ​ដុះ និង​ថែទាំ​កូន​ឈើ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា

8 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ ក្នុង​គោលដៅ​ជំរុញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ ពិសេស​ការ​បង្កើន​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០% នៅ​ឆ្នាំ​២០៥០ នា​ព្រឹក​ថ្ងៃ​ទី​២៧-២៨ ខែកុម្ភៈ ឆ្នាំ​២០២៦…

ខេត្តមណ្ឌលគិរី ៖ ក្នុង​គោលដៅ​ជំរុញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ ពិសេស​ការ​បង្កើន​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០% នៅ​ឆ្នាំ​២០៥០ នា​ព្រឹក​ថ្ងៃ​ទី​២៧-២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អមដំណើរ​ដោយ​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី ចុះ​បំពេញបេសកកម្ម​ការងារ​សំខាន់​ៗ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។

ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​វឌ្ឍនភាព​នៃ​ការ​ដាំ​ដុះ និង​ថែទាំ​កូន​ឈើ​នៅ ថ្នាល​បណ្តុះ​កូន​ឈើ​ថ្នាក់​តំបន់ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ ថ្នាល​បណ្តុះ​កូន​ឈើ​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្គត់ផ្គង់​កូន​ឈើ​គ្រប់​ប្រភេទ សម្រាប់​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​ដុះ​ដោយ​ឥត​គិតថ្លៃ និង​សម្រាប់​យុទ្ធនាការ​ដាំ​ស្តារ​ព្រៃឈើ​ឡើង​វិញ​ក្នុង​តំបន់ការពារធម្មជាតិ​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​សង្កត់ធ្ងន់​ថា ការ​បណ្តុះ​កូន​ឈើ​ឱ្យ​បាន​ច្រើន និង​មានគុណ​ភាព គឺជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​អព្យាក្រឹត​កាបូន និង​ការ​បង្កើត​សោភ័ណ​ភាព​បៃតង​សម្រាប់​កម្ពុជា​។ ឯកឧត្តម​បាន​ណែនាំ​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុមការងារ​បច្ចេកទេស ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ជ្រើសរើស​ពូជឈើ​ដែល​ធន់​នឹង​អាកាសធាតុ និង​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ដើម្បី​លើកទឹកចិត្ត​ដល់​សាធារណជន​ក្នុង​ការ​ចូលរួម​ដាំ​ដុះ​។

គណៈប្រតិភូ​បាន​បន្តដំណើរ​ទៅ​កាន់ សិប្បកម្ម​កែ​ច្នៃ​ឬ​ស្សី “​បា​ម​ប៊ូ​សា​” (Bambusa) ដើម្បី​ស្វែង​យល់​ពី​ចង្វាក់​ផលិតកម្ម និង​ការ​កែ​ច្នៃ​ធនធានធម្មជាតិ​ឱ្យទៅ​ជា​ផលិតផល​មាន​តម្លៃ​។ សិប្បកម្ម​នេះ​បាន​បង្ហាញ​ពី​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផលិត​សម្ភារៈ​ប្រើប្រាស់​ប្រណីត​ៗ​ជា​ច្រើន​ប្រភេទ រួម​មាន តុ ទូ កៅអី និង​សម្ភារៈ​តុបតែង​លម្អ ដែល​មានគុណ​ភាព​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​ទាំង​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​បរទេស​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​គំនិត​ច្នៃប្រឌិត និង​ការ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក ដែល​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឈើ​ប្រណីត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក ឱ្យ​មាន​ចំណូល​ស្ថិរភាព​។ ឯកឧត្តម​បាន​ចាត់​ទុក​សិប្បកម្ម​នេះ​ថា​ជា “​សេដ្ឋកិច្ច​បៃតង​គំរូ​” ដែល​ផ្សារ​ភ្ជាប់​ការ​អភិរក្ស​ទៅ​នឹង​ការ​អភិវឌ្ឍ​កម្រិតជីវភាព​។

ក្នុង​ឱកាស​នោះ​ដែល ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​គណៈប្រតិភូ​ជា​ច្រើន​រូប អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​អណ្តូងរ៉ែ​មាស ក្នុង​ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល ដែល​មា​នទី​តាំងនៅ​តំបន់​អូរ​ខ្វាវ ក្នុងភូមិ​សាស្ត្រ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ