ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​លូក​ដៃ​ចូល​បញ្ហា​អ៊ីរ៉ង់ និង​ទម្លាក់​កំហុស​គ្រប់​យ៉ាង​ទៅ​លើ​អាមេរិក និង​អ៊ីស្រា​អែល

11 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​សារ​នយោបាយ​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​រវាង​អ៊ីរ៉ង់​ទល់​នឹង​អាមេរិក និង​អ៊ីស្រាអែល​។ ថ្ងៃ​នេះ ក្រសួង​ការ​បរទេស​រុស្ស៊ី​ប្រកាស​ថ្កោល​ទោស​ទង្វើ​របស់​អាមេរិក និង​អ៊ីស្រា​អែល​ដែល​រុស្ស៊ី​ចាត់​ទុក​ថា​​ជា​អ្នក​កេះ​កៃ​មុន​។ រុស្ស៊ី​ចោទ​ប្រកាន់​ថា​ប្រទេស​ទាំង​២​ប្រព្រឹត្ត​អំពើ​ឈ្លាន​ពាន​ប្រដាប់​អាវុធ​​ដោយ​​មាន​ផែន​ការ​គិត​ទុក​ជា​មុន និង​ដោយ​ឥត​​មូល​ហេតុ​​​ប្រឆាំង​នឹង​រដ្ឋ​​ជា​សមាជិក​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​មាន​អធិប​តេយ្យ​ភាព​ និង​ឯក​រាជ្យ​ភាព​ពេញ​លេញ​។ ហេតុ​នេះ…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​សារ​នយោបាយ​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​រវាង​អ៊ីរ៉ង់​ទល់​នឹង​អាមេរិក និង​អ៊ីស្រាអែល​។ ថ្ងៃ​នេះ ក្រសួង​ការ​បរទេស​រុស្ស៊ី​ប្រកាស​ថ្កោល​ទោស​ទង្វើ​របស់​អាមេរិក និង​អ៊ីស្រា​អែល​ដែល​រុស្ស៊ី​ចាត់​ទុក​ថា​​ជា​អ្នក​កេះ​កៃ​មុន​។ រុស្ស៊ី​ចោទ​ប្រកាន់​ថា​ប្រទេស​ទាំង​២​ប្រព្រឹត្ត​អំពើ​ឈ្លាន​ពាន​ប្រដាប់​អាវុធ​​ដោយ​​មាន​ផែន​ការ​គិត​ទុក​ជា​មុន និង​ដោយ​ឥត​​មូល​ហេតុ​​​ប្រឆាំង​នឹង​រដ្ឋ​​ជា​សមាជិក​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​មាន​អធិប​តេយ្យ​ភាព​ និង​ឯក​រាជ្យ​ភាព​ពេញ​លេញ​។

ហេតុ​នេះ រុស្ស៊ី​ទាម​ទារ​ឱ្យ​អាមេរិក និង​អ៊ីស្រា​អែល​បញ្ឈប់​ប្រតិ​បត្តិ​ការ​សឹក​ជា​បន្ទាន់​ និង​វិល​ទៅ​រក​ការ​ដោះ​ស្រាយ​បញ្ហា​តាម​មធ្យោ​បាយ​ការ​ទូត​។ ​តាម​រយៈ​សេចក្ដី​ប្រកាស​ដែល​ផ្សព្វ​ផ្សាយ​នៅ​លើ​តេ​ឡេ​ក្រាម ក្រសួង​ការ​បរទេស​រុស្ស៊ី​ចោទ​ប្រកាន់​ថា​អាមេរិក និង​អ៊ីស្រា​អែល​មាន​របៀប​វារៈ​សម្ងាត់​នៅ​ពី​ក្រោយ​ការ​បង្ហាញ​កង្វល់​អំពី​កម្ម​វិធី​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​។ រុស្ស៊ី​ចង់​មាន​ន័យ​ថា​គោល​ដៅ​ធំ​របស់​ប្រទេស​ទាំង​២​​គឺ​ផ្ដួល​រំលំ​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់​សព្វ​ថ្ងៃ​នេះ​។ ប៉ុន្តែ​ពួក​គេ​ធ្វើ​ជា​ខ្វាយ​ខ្វល់​អំពី​បញ្ហា​នុយ​ក្លេ​អ៊ែរ​។

​រុស្ស៊ី​​ប្រមើល​ឃើញ​​​ថា​ការ​វាយ​ប្រហារ​នេះ​អាច​នឹង​នាំ​ឱ្យ​មាន​វិបត្តិ​ធ្ងន់​ធ្ងរ​ផ្នែក​មនុស្ស​ធម៌,​ សេដ្ឋ​កិច្ច​ ​ហើ់យ​អាច​នឹង​ធ្វើ​ឱ្យ​​រីក​សាយ​ភាយ​សារ​ធាតុ​វិទ្យុ​សកម្ម​ថែម​ទៀត​ផង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​​។ រុស្ស៊ី​នៅ​តែ​ដាក់​កំហុស​គ្រប់​យ៉ាង​ទៅ​លើ​អាមេរិក និង​អ៊ីស្រា​អែល​ជា​និច្ច​។ រុស្ស៊ីចោទ​ប្រកាន់​ថា​ប្រទេស​ទាំង​២​បាន​រុញ​ច្រាន​តំបន់​មជ្ឈិម​បូព៌ា​ទៅ​រក​ជ្រោះ​មរណៈ​។ ពោល​គឺ​ជា​ស្ថាន​ការណ៍​ឡើង​កម្ដៅ​ខ្លាំង​ដល់​ដំណាក់​កាល​គ្រប់​គ្រង​លែង​បាន​។

រុស្ស៊ី​ថា​ការ​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដែល​ស្ថិត​ក្រោម​ការ​ការ​ពារ​របស់​ទី​ភ្នាក់​ងារ​អាតូមិច​អន្តរ​ជាតិ​ (IAEA) ជា​ករណី​មិន​អាច​ទទួល​យក​បាន​ទេ​។ រុស្ស៊ី​ថា​ខ្លួន​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ ក្រសួង​ដឹក​ជញ្ជូន​រុស្ស៊ី​ថ្លែង​ថា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​រុស្ស៊ី​សម្រេច​ចិត្ត​ផ្អាក​ការ​ហោះ​ហើរ​ទៅ​ប្រទេស​អ៊ីរ៉ង់​ និង​អ៊ីស្រា​អែល។

ក្រសួង​ដដែល​នេះ​ថ្លែង​បន្ត​ទៀត​ថា​ដោយ​យោង​ទៅ​លើ​ស្ថាន​ការណ៍​បច្ចុប្បន្ន​ដែល​ដែន​អា​កាស​អ៊ីរ៉ង់ និង​អ៊ីស្រា​អែល​ត្រូ​វបាន​បិទ​​ជិត​ឈឹង​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​រុស្ស៊ី សហ​ការ​ជា​មួយ​ក្រសួង​ដឹក​ជញ្ជូន និង​អាជ្ញា​ធរ​អាកាស​ចរណ៍​ស៊ីវិល​រុស្ស៊ី​កំពុង​សម្លឹង​មើល​ផ្លូវ​ហោះ​ហើរ​ដទៃ​ទៀត​ដើម្បី​ជំនួស​ផ្លូវ​បច្ចុប្បន្ន​។ វិធាន​ការ​នេះ​ធ្វើ​ឡើង​ដើម្បី​ធានា​សុវត្ថិ​ភាព​ក្នុង​ការ​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​ទាំង​២​។​ រយៈ​ពេល​ធ្វើ​ដំណើរ​នឹង​វែង​ជាង​មុន​ដោយ​សារ​យន្ត​ហោះ​ត្រូវ​ហោះ​វាង​។

ការ​សម្រេច​បើក​ផ្លូវ​វាង​នេះ​បន្ទាប់​ពី​ប្រទេស​មួយ​​ចំនួន​នៅ​មជ្ឈិម​បូព៌ា​ដូច​ជា​បារ៉េន, អ៊ីរ៉ាក់, កាតា និង​គុយ​វែត​ជា​ដើម​បាន​ប្រកាស​បិទ​ដែន​អាកាស​របស់​ខ្លួន ខណៈ​ដែល​អារ៉ាប់​រួម​ក៏​ដាក់​កំហិត​លើ​ការ​ហោះ​ហើរ​ចេញ-​ចូល​ដែន​អាកាស​របស់​ខ្លួន​ផង​ដែរ​។​ អាជ្ញា​ធរ​រុស្ស៊ី​ថ្លែង​ថា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​បាន​ទទួល​ការ​ណែ​នាំ​​ឱ្យ​ជ្រើស​រើស​ផ្លូវ​ផ្សេង​នៅ​ពេល​ត្រូវ​ហោះ​ចូល​ប្រទេស​ទាំង​២​ (អ៊ីរ៉ង់ និង​អ៊ីស្រា​អែល)៕ ប្រភព៖ រ៉យ​ទ័រ (Reuters), អេភី (AP) និង​ប្រភព​ដទៃ​ទៀត​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ