ខេត្តស្ទឹងត្រែង ៖ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួនចំនួន ៣នាក់ និងដកហូតគ្រឿងញៀនជាង ៤គីឡូក្រាម ។
លោក សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដ៏ធំមួយ ។
ពាក់ព័ន្ធការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបករណីដឹកជញ្ជូនសារធាតុញៀនឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា។ ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចចន្លោះបង្គោលព្រំដែនលេខ ០៣៤/១ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ។
កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន ៖
១. ឈ្មោះ ខឿន ឡុំ ភេទប្រុស អាយុ ៣៨ឆ្នាំ (កសិករ រស់នៅខេត្តស្ទឹងត្រែង)។
២. ឈ្មោះ នៅ វិសិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ (ជាងរថយន្ត រស់នៅខេត្តក្រចេះ)។
៣. ឈ្មោះ ញឹម សុខា ភេទប្រុស អាយុ ៣២ឆ្នាំ (បុគ្គលិកលាងឡាន រស់នៅខេត្តក្រចេះ)។
ចំពោះវត្ថុតាង ដែលដកហូតដកហូតរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៥ដុំ ស្មើនឹងទម្ងន់សរុប ៤ គីឡូក្រាម និង ៩៣២.៩៩ ក្រាម។ រថយន្ត ០១គ្រឿង និងម៉ូតូ (Wave) ០១គ្រឿង។ទូរស័ព្ទដៃចំនួន ០៤គ្រឿង ។
ទាក់ទិនករណីខាងលើនេះតាមការស្រាវជ្រាវ ក្នុងចំណោមជនសង្ស័យទាំង ៣នាក់ គឺឈ្មោះ នៅ វិសិទ្ធ គឺជាមុខសញ្ញាគ្រោះថ្នាក់ដែលមានដីកាចាប់ខ្លួនចំនួន ៣ រួចមកហើយ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន (ដីកាពីសាលាដំបូងខេត្តក្រចេះ ចំនួន ២ និងសាលាដំបូងខេត្តមណ្ឌលគិរី ចំនួន ១) ។
បច្ចុប្បន្ន កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កំពុងបន្តនីតិវិធីស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកបក្សពួក និងមេខ្លោង ដែលនៅសេសសល់ មកផ្តន្ទាទោសតាមច្បាប់ ៕





ចែករំលែកព័តមាននេះ