ទីក្រុងតេអេរ៉ង់៖ បន្ទាប់ពីលោកដូណាល់ត្រាំថ្លែងថាអ៊ីរ៉ង់ចង់ផលិតមីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរដើម្បីវាយប្រហារដល់ទឹកដីអាមេរិក រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ចេញមុខបដិសេធការចោទប្រកាន់នេះ។ សង្គ្រាមវោហារសាស្ត្រនេះកើតឡើងចំពេលដែលភាគីទាំង២ត្រៀមចូលរួមការចរចាគ្នាដោយប្រយោល (មានប្រទេសទីបីជាអ្នកសម្របសម្រួល) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ទន្ទឹមនឹងនោះ អាមេរិកនៅតែបន្តដាក់សម្ពាធយោធាលើអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់ក៏ចាប់ផ្ដើមត្រៀមជើងព្រួលជាបណ្ដើរៗផងដែរ។ បើសិនការចរចាបរាជ័យ សង្គ្រាមអ៊ីរ៉ង់-អាមេរិកអាចនឹងផ្ទុះឡើងជាមិនខាន។

ក្រសួងការបរទេសអ៊ីរ៉ង់ប្រកាសបដិសេធអ្វីដែលលោកត្រាំលើកឡើងនៅក្នុងការថ្លែងសុន្ទរកថាទៅកាន់ជនរួមជាតិកាលពីយប់មិញ។ អ៊ីរ៉ង់ចាត់ទុកថាការចោទប្រកាន់នោះជាការភូតកុហកដ៏ធំមួយ។ នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការចរចានឹងចាប់ផ្ដើមហើយ។ អ្នកនាំពាក្យអ៊ីរ៉ង់បង្ហោះសារនៅលើបណ្ដាញអ៊ិចថាទោះបីពួកគេចោទប្រកាន់បែបណាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់, ទោះបីពួកគេនិយាយយ៉ាងណាអំពីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងទោះបីពួកគេនិយាយថាមនុស្សស្លាប់ពេលហែបាតុកម្មកាលពីខែមករាអស់ប៉ុន្មានក៏ដោយ នោះសុទ្ធតែជាការនិយាយភូតកុហកដដែលៗតែប៉ុណ្ណោះ។

សូមរំលឹកថានៅក្នុងការថ្លែងសុន្ទរកថានោះ លោកត្រាំអះអាងថាអ៊ីរ៉ង់កំពុងផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់ដល់ទឹកដីអាមេរិក។ លោកថ្លែងបន្តទៀតថាពួកគេ (អ៊ីរ៉ង់) ផលិតបានសម្រេចហើយនូវមីស៊ីលដែលអាចបាញ់ដល់ទ្វីបអឺរ៉ុប និងមូលដ្ឋានយោធារបស់យើងនៅក្រៅប្រទេស។ នៅពេលនេះ ពួកគេងាកទៅផលិតមីស៊ីលដែលអាចបាញ់ដល់ទឹកដីអាមេរិកវិញម្ដង អាចនឹងផលិតបានសម្រេចឆាប់ៗនេះ (បើគ្មានការទប់ស្កាត់)។

ផ្នែកស៊ើបការណ៍សម្ងាត់របស់អាមេរិកវាយតម្លៃថាអ៊ីរ៉ង់កំពុងផលិតមីស៊ីលនេះមែន ប៉ុន្តែមិនទាន់បានសម្រេចនៅពេលឆាប់ៗនេះឡើយ យ៉ាងហោចណាស់ក៏ត្រូវការពេលមួយទសវត្សទៀតដែរ។ របាយការណ៍របស់ទីភ្នាក់ងារចារកម្មយោធាអាមេរិកចេញផ្សាយកាលពីខែមករាសរសេររៀបរាប់ថាត្រឹមឆ្នាំ២០៣៥ខាងមុខនេះ អ៊ីរ៉ង់អាចផលិតមីស៊ីលអន្តរទ្វីបបាន៦០គ្រាប់ បើសិនប្រទេសនេះបន្តអភិវឌ្ឍកម្មវិធីនេះដោយគ្មានការទប់ស្កាត់។ សម្រាប់ពេលនេះ បើយោងតាមរបាយការណ៍ខាងលើ អ៊ីរ៉ង់មិនទាន់មានមីស៊ីលអន្តរទ្វីបនៅក្នុងដៃនៅឡើយទេ៕ ប្រភព៖ យួរ៉ូញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ