រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។
ជនសង្ស័យប្រុសស្រីទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះ រួមមាន ៖ ជនជាតិចិន ចំនួន១៦នាក់ ឥណ្ឌា ចំនួន១នាក់ ប៉ាគីស្ថាន ចំនួន២នាក់ ក្នុងនោះស្ត្រី១នាក់ និង នេប៉ាល់ ចំនួន២នាក់។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន ៖ កុំព្យូទ័រ All in One កុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួនផងដែរ ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្រុមការងារចម្រុះ នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការ ដែលបាននិងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពេលខាងមុខ ៕

ចែករំលែកព័តមាននេះ