រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា តាមរយៈការទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាត ហ្គាមអនឡាញ (Online Scams) មានជនបរទេសជាង ២១ម៉ឺននាក់ បានស្ម័គ្រចិត្តចេញពីកម្ពុជា ហើយប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញផងដែរ ។
ការឱ្យដឹងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១១ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” ប្រារព្ធធ្វើនៅសាលមហោស្រព កោះពេជ្រ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ខ្ញុំ សូមយកឱកាសនេះ បញ្ជាក់ជូនដល់អង្គពិធីរបស់យើងថា តាមរយៈការបង្ការ ទប់ស្កាត់ ហើយចុះបង្ក្រាបបោសសម្អាត Online Scams នេះ មកដល់ម៉ោងនេះយើងមានជាង ២១ម៉ឺននាក់ បានចាក់ចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ»។
ទន្ទឹមនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណដល់បណ្ដាអង្គទូតនានា ក្នុងការជួយសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកជនសាម៉ីរបស់ខ្លួន យកទៅប្រទេសដើមវិញ។
សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕





ចែករំលែកព័តមាននេះ