រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ នឹងនាំយកសម្លៀកបំពាក់ប្រពៃណីកម្ពុជា ទៅបង្ហាញនៅក្នុងកម្មវិធីការបង្ហាញម៉ូដសំលៀកបំពាក់ពិភពលោកនៅកូរ៉េ នៅពេលខាងមុខនេះ ។
ការលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកស្រី Jin Hyang-Ja ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមហាន់ប៊ុកកូរ៉េ (Korea Hanbok Association) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ។
យោងតាមបណ្តាញសង្គមរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅកូរ៉េ បានឲ្យដឹងថា នៅក្នុងជំនួបលោកស្រី Jin Hyang-Ja បានជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូត ថា សម្លៀកបំពាក់ប្រពៃណីកូរ៉េ រឺហាន់ប៊ុក មានប្រមាណ ៨ពាន់ប្រភេទ ដែលប្រជាជនកូរ៉េ យកមកស្លៀកពាក់ទៅតាមជំនាន់ រឺ បិរបទ នៃកម្មវិធីនីមួយៗ ។
លោកស្រី Jin Hyang-Ja បានប្រគល់សម្លៀកបំពាក់ប្រពៃណីកូរ៉េហាន់ប៊ុក ជូនឯកឧត្តម និងលោកជំទាវ សម្រាប់ស្លៀក ក្នុងពិធីផ្លូវការនានារបស់កូរ៉េ។ ក្នុងឱកាសនោះផងដែរ លោកស្រី Jin Hyang-Ja ក៏បានអញ្ជើញឯកឧត្តម ឯកអគ្គរាជទូត ចូលរួមកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ពិភពលោក World Costume Fashion Show ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ខាងមុខនេះ ។
ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះសមាគម ដែលបានច្នៃសំលៀកបំពាក់ប្រពៃណីកូរ៉េដ៏ស្រស់ស្អាតជូន ឯកឧត្តម និងលោកជំទាវ និងស្វាគមន៍ចំពោះការអញ្ជើញស្ថានទូតចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ពិភពលោក ដែលវានឹងក្លាយជាឱកាសដ៏ល្អមួយសម្រាប់បង្ហាញសម្លៀកបំពាក់ប្រពៃណីកម្ពុជា លើឆាកអន្តរជាតិ ៕



ចែករំលែកព័តមាននេះ