ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​បន្ត​ជំរុញ​ការ​​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ

32 វិនាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​ថ្មី​ដ៏​រលោង​ស្រិល​ត​ភ្ជាប់​ពី​ឃុំ​ស្រែ​អំ​ពូ​ម ឆ្លងកាត់​ឃុំ​ក្រង់​តេះ ឆ្ពោះទៅ​ឃុំ​ពូ​ជ្រៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា មាន​ប្រវែង​១០​គីឡូម៉ែត្រ ត្រូវ​បាន​សាងសង់​ឡើង នា​ដើមឆ្នាំ​២០២៦​នេះ…

ខេត្តមណ្ឌលគិរី ៖ ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​ថ្មី​ដ៏​រលោង​ស្រិល​ត​ភ្ជាប់​ពី​ឃុំ​ស្រែ​អំ​ពូ​ម ឆ្លងកាត់​ឃុំ​ក្រង់​តេះ ឆ្ពោះទៅ​ឃុំ​ពូ​ជ្រៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា មាន​ប្រវែង​១០​គីឡូម៉ែត្រ ត្រូវ​បាន​សាងសង់​ឡើង នា​ដើមឆ្នាំ​២០២៦​នេះ ដើម្បី​សម្រួលការ​ដឹក​ជញ្ជូន​រាល់​កសិផល​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​មូលដ្ឋាន​ឃុំ​ទាំង​បី ជា​តំបន់​ពោ​ពេញ​ទៅ​ដោយ​ដំណាំ​កសិកម្ម និង​កសិឧស្សាហកម្ម​យ៉ាង​សម្បូរ​បែប ។

លោក ធន់ សារី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​គម្រោង​ធ្វើ​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា (​ហិរញ្ញប្បទាន ធនាគារពិភពលោក ) ជួសជុល​កែ​លម្អ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ និង​ផ្លូវ​បេតុង​ប្រវែង​១០​គីឡូម៉ែត្រ​ទទឹង​៦​ម៉ែត្រ ដែល​អនុវត្ត​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២៥ ដល់​ខែមិថុនា ឆ្នាំ​២០២៦ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

លោក​ថា កន្លង​ទៅ ផ្លូវ​អន្តរ​ឃុំ​នេះ គឺ​ពិបាកធ្វើ​ដំណើរ​ណាស់ នៅ​រដូវវស្សា​មាន​សភាព​រអិលខ្លាំង ដែល​នាំ​បញ្ហា​ជា​ច្រើន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ការ​ដឹក​ជញ្ជូន​កសិផល ការ​ធ្វើ​ដំណើរ​ទៅ​រក​សេវា​សុខាភិបាល ជា​ពិសេស សិស្សានុសិស្ស​ទៅ​រៀនសូត្រ​ជាដើម ។ លោក​ប្រធាន​មន្ទីរ​បាន​មាន​ប្រសាសន៍​ថា សកម្មភាព​របស់​មន្ទីរ​បាន​និង​កំពុង​ដើរ​ស្រប​ទៅ​តាម​គន្លឹះ​អាទិភាព​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែល​ផ្តោត​លើ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ។

លោក​បញ្ជាក់​ថា មន្ទីរ​បាន​បន្តវេន​ពី​អាណត្តិ​មុន​ៗ​ក្នុង​ការ​ប្រែក្លាយ​ផ្លូវ​ដីស ឱ្យទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) និង​ផ្លូវ​បេតុង​កាន់តែ​ច្រើន​ខ្សែ​ឡើង ដើម្បី​ឱ្យ​ជនបទ​មាន​សមាហរណកម្ម​ជិត​ស្និទ្ធ​ជាមួយ​ទីប្រជុំជន ។ លោក ធន់ សារី បាន​រំលេច​ពី​លទ្ធផល​ការងារ ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៥ កន្លង​ទៅ​ថា ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ផ្តល់​គម្រោង​ថែទាំ និង​ជួសជុល​ផ្លូវ​សំខាន់​ៗ​ជា​ច្រើន រួម​មាន ផ្លូវ​ក្រាល​ល្បាយ​ក្រួស​៖ ចំនួន​១៣​ខ្សែ ដែល​មាន​ប្រវែង​សរុប​១១៦​គីឡូម៉ែត្រ ។ ផ្លូវ​ក្រាល​កៅស៊ូ​៖ ចំនួន​១​ខ្សែ ប្រវែង​៣.៥​គីឡូម៉ែត្រ ។

លោក​បាន​បន្ថែម​ថា សមិទ្ធផល​ទាំងនេះ បាន​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ ដូច​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ថ្លៃដើម​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ