លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានស្នើដល់អ្នករៀបចំនិងដឹកនាំពិធីនានាឲ្យយកចិត្តទុកដាក់លើអត្ថន័យ និងអត្ថរសនៃពិធីកម្មនីមួយៗ ដើម្បីបញ្ជៀសការប៉ះពាល់តម្លៃជាតិសាសន៍ ឬសាសនាដទៃទៀត ជាពិសេស គឺប៉ះពាល់ដល់សុដុមនីយកម្មនៃសង្គមកម្ពុជា ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ របស់ក្រសួងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ លោករដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីកុំឱ្យមានការប៉ះពាល់ដល់សតិអារម្មណ៍សាធារណៈដែលមានចម្រុះសាសនា និងប្រពៃណី អ្នករៀបចំពិធីកម្មនានា សូមប្រិតប្រៀងទាំងពាក្យសម្តី និងកាយវិការ ។
លោកបានអះអាងថា នៅកម្ពុជាសិទ្ធិ និងសេរីភាពសាសនា ត្រូវបានគោរព និងបើកទូលាយ ប៉ុន្តែសូមកុំឱ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ដូច្នេះសូមប្រុងប្រយ័ត្ន ដើម្បីធ្វើយ៉ាងណាឱ្យការប្រព្រឹត្តទៅនៃពិធីកម្មនីមួយៗជៀសផុតពីការធ្វើឱ្យប៉ះពាល់ដល់ជាតិសាសន៍ ឬសាសនាដទៃទៀត ។
នៅកម្ពុជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងប្រជាពលរដ្ឋ ដោយនៅក្នុងនោះកម្ពុជា មានព្រះសង្ឃជា ៧៣.៦០០ អង្គ មានវត្ត៥.១៥០នៅទូទាំងប្រទេស ប៉ុន្តែកម្ពុជា នៅមានបងប្អូនដែលមានជំនឿលើមូស្លីម គ្រិស្ទសាសនា និង ជំនឿលើកម្លាំងអរូបីផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ