ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលស្រុកពេជ្រាដា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសន្ទុះនៃការរីកចម្រើនលើវិស័យកសិកម្មក្នុងមូលដ្ឋាន ខណៈលោកអភិបាលស្រុកបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ងាកមកផ្ដោតលើការដាំដុះដំណាំយុទ្ធសាស្ត្រដែលមានទីផ្សារល្អ និងបញ្ឈប់សកម្មភាពចូលព្រៃកាប់ឈើដោយខុសច្បាប់ ។

ជាក់ស្តែង លោកយាន ណូ ដែលមានស្រុកកំណើតនៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តទៅប្រកបរបរកសិកម្មនៅឃុំក្រង់តេះ ស្រុកពេជ្រាដា តាំងពីឆ្នាំ២០២៣ លើផ្ទៃដីដាំដុះម្រេចចំនួន៥ហិកតា។ លោកបានរៀបរាប់ថា ម្រេចជាដំណាំដែលពិបាកដាំ និងទាមទារការថែទាំខ្លាំង ជាពិសេស ត្រូវការពលកម្ម ជី និងទឹកស្រោចស្រពឱ្យបានគ្រប់គ្រាន់ ។

កាលពីកន្លងទៅ លោកបានជួបការលំបាកយ៉ាងខ្លាំង ដោយសារតម្លៃម្រេចបានធ្លាក់ចុះមកត្រឹម៨,០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណូល និងការចំណាយលើកម្លាំងពលកម្ម ។ ទោះជាយ៉ាងណា ដោយសារស្មារតីតស៊ូមិនបោះបង់ លោកបានបន្តដាំ និងថែទាំយ៉ាងយកចិត្តទុកដាក់ រហូតដល់ឆ្នាំ២០២៦នេះ តម្លៃម្រេចស្ងួតបានហក់ឡើងថ្លៃដល់ជាង២០,០០០រៀល ក្នុងមួយគីឡូក្រាមវិញ ។ តម្លៃនេះ បានធ្វើឱ្យលោកទទួលបានប្រាក់ចំណេញសមរម្យ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងគោលការណ៍ជួលកម្លាំងពលកម្ម ទិញជី ថ្នាំកសិកម្ម និងប្រេងសម្រាប់បូមទឹកស្រោចស្រព ។

ថ្លែងប្រាប់កោះសន្តិភាព នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដាមានប្រសាសន៍ថា តាមរយៈការសង្កេតពីអាជ្ញាធរស្រុក នាពេលបច្ចុប្បន្នសកម្មភាពកសិកម្មក្នុងស្រុកពេជ្រាដា មានការកើនឡើងគួរឱ្យកត់សម្គាល់ ។

ក្រៅពីម្រេច ដំណាំយុទ្ធសាស្ត្រផ្សេងទៀត ដូចជា កាហ្វេ និងកៅស៊ូ ក៏កំពុងផ្ដល់ផលវិជ្ជមានយ៉ាងច្រើនដល់កសិករ។ ដើម្បីគាំទ្រដល់កសិករដូចជាលោក យាន ណូ រដ្ឋបាលស្រុកបានចាត់មន្ត្រីកសិកម្មជំនាញឱ្យចុះជាប់តាមបណ្ដាឃុំ ដើម្បីផ្ដល់ប្រឹក្សាយោបល់ និងបច្ចេកទេសដាំដុះដល់បងប្អូនគ្រប់ពេលវេលា ។

លោកអភិបាលស្រុក បានកោតសរសើរចំពោះកសិករក្នុងមូលដ្ឋាន និងបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យចូលព្រៃកាប់ឈើ ឬប្រព្រឹត្តបទល្មើសធនធានធម្មជាតិដោយខុសច្បាប់ ។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា សូមបងប្អូនផ្លាស់ប្តូរការគិតពីការចូលព្រៃកាប់ឈើ មកជាការដាំដុះបង្កបង្កើនផលដូចកសិករគំរូរបស់យើងវិញ ។ ការចូលព្រៃមិនត្រឹមតែប្រឈមនឹងគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ ។

លោកបានបន្ថែមថា ការប្រកបរបរកសិកម្មដោយសុចរិត គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការចិញ្ចឹមជីវិតប្រកបដោយមោទនភាព និងសេចក្តីសុខសាន្ត ក្រោមការជួយជ្រោមជ្រែងពីសំណាក់អាជ្ញា
ធរ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០២៥ ដំណាំម្រេចទូទាំងខេត្តអនុវត្តន៍បានចំនួន ១ ៣៥៨ហិកតា បរិមាណផលសរុបចំនួន ៣ ៣៣៦តោន ៕
ចែករំលែកព័តមាននេះ