ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! កម្ពុជានឹងមានភ្លៀងកក់ខែ និងបាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ទី៣ ខែមីនា

2 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា តំបន់​មួយ​ចំនួន​របស់​កម្ពុជា អាច​មាន​ភ្លៀង​កក់ខែ​ធ្លាក់​លាយឡំ​ជាមួយ​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា តំបន់​មួយ​ចំនួន​របស់​កម្ពុជា អាច​មាន​ភ្លៀង​កក់ខែ​ធ្លាក់​លាយឡំ​ជាមួយ​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ភ្លៀង​កក់ខែ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​តាមដាន វិភាគ និង​ព្យាករ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ខណៈ​នេះ​សម្ពាធ​ទាប​បាន​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​កក់ខែ​ធ្លាក់​លាយឡំ​ជាមួយ​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៣០% ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​កក់ខែ​ធ្លាក់​លាយឡំ​ជាមួយ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់ លើ​ផ្ទៃដី ៤០% ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​កក់ខែ​ធ្លាក់ លាយឡំ​ជាមួយ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៤០% ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម អប្បបរមា ០,២៥​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,០០​ម៉ែត្រ​។

ក្រសួង​បា​នប​ន្ដែ​ម​ថា យោង​លើ​ការ​ព្យាករណ៍​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន និង​អាជ្ញាធរ​ដែនដី មេត្តា​យកចិត្ត​ទុក ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ អំពី​ស្ថានភាព​ធាតុអាកាស​ភ្លៀង​កក់ខែ​នេះ ដែល​អាច​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ផលដំណាំ និង​ជៀសវាង​ពី​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន​និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស ដើម្បី​ជម្រាប ជូន​ជា​បន្តបន្ទាប់ ក្នុង​ករណី​មានការ​ប្រែប្រួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ