ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅក្នុងបរិយាកាសការងារដែលមានជាតិពុល ឬតុកហ្សិក បាតុភូត ការបំភាន់ស្មារតី គឺជាយុទ្ធសាស្ត្រផ្លូវចិត្តដ៏គ្រោះថ្នាក់បំផុត ដែលធ្វើឱ្យជនរងគ្រោះសង្ស័យលើសមត្ថភាព និងតម្លៃខ្លួនឯង រហូតដល់បាត់បង់ទំនុកចិត្តទាំងស្រុង។
ល្បិចកលនេះច្រើនតែបង្ហាញឡើងតាមរយៈពាក្យសម្ដីបំភាន់ដូចជា “អ្នកឯងគិតច្រើនពេកហើយ” “ខ្ញុំមិនដែលនិយាយបែបហ្នឹងទេ” ឬ “កុំប្រកាន់រឿងកំប្លែងសោះ” ដើម្បីបង្វែរកំហុសមកលើអ្នកវិញ និងគ្រប់គ្រងស្មារតីរបស់អ្នកឱ្យនៅក្រោមឥទ្ធិពលរបស់គេ។
ដើម្បីការពារខ្លួនពីអន្ទាក់ផ្លូវចិត្តនេះ លោកអ្នកត្រូវរក្សាសតិឱ្យស្ងប់ និងពិនិត្យមើលបញ្ហាដោយសត្យានុម័ត។ ជំហានដែលមិនអាចខ្វះបាន គឺការចងក្រងភស្តុតាងជាក់ស្តែងដើម្បីការពារខ្លួន ដូចជាការរក្សាទុកអ៊ីមែល សារសន្ទនា ឬកំណត់ត្រាការងារដែលបានសរសេរទុកជាលាយលក្ខណ៍អក្សរ។ ភស្តុតាងទាំងនេះគឺជា “អាវក្រោះ” ដ៏រឹងមាំបំផុត ដែលជួយបញ្ជាក់ពីភាពត្រឹមត្រូវរបស់អ្នក នៅពេលមានការចោទប្រកាន់ ឬការបំភាន់ការពិតកើតឡើង។
ចូរចងចាំថា ការជឿជាក់លើខ្លួនឯងគឺជាគន្លឹះនៃសុវត្ថិភាពក្នុងអាជីព។ នៅកន្លែងធ្វើការមិនមែនគ្រប់គ្នាសុទ្ធតែជាមិត្តនោះទេ ដូច្នេះការយល់ដឹងពីល្បិចកលបំភាន់ចិត្ត និងការមានភស្តុតាងក្នុងដៃ នឹងជួយឱ្យអ្នកជៀសផុតពីការជិះជាន់ផ្លូវចិត្ត។ កុំអនុញ្ញាតឱ្យសម្ដីអវិជ្ជមានរបស់អ្នកដទៃមកកំណត់តម្លៃពិតប្រាកដ ឬបំផ្លាញអនាគតរបស់អ្នកឡើយ៕
ចែករំលែកព័តមាននេះ