ទីក្រុងតូក្យូ៖ រដ្ឋាភិបាលជប៉ុនដាក់ផែនការធ្វើយ៉ាងណាត្រូវដាក់ពង្រាយជើងទម្របាញ់មីស៊ីលពីដីទៅអាកាសឱ្យបានរួចរាល់ត្រឹមខែមីនា ឆ្នាំ២០៣១ខាងមុខនេះ។ ការដាក់ពង្រាយនឹងធ្វើឡើងនៅលើប្រជុំកោះដាច់ស្រយាលរបស់ជប៉ុនដែលស្ថិតនៅកៀកនឹងកោះតៃវ៉ាន់ជាងគេ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិជប៉ុន។ នេះជាលើកដំបូងបំផុតដែលប្រទេសជប៉ុនបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់។

កាលពីឆ្នាំ២០២២ ក្រសួងការពារជាតិជប៉ុនធ្លាប់ប្រកាសអំពីគម្រោងពន្លឿនការដាក់ពង្រាយខែលការពារដែនអាកាសនៅលើកោះដែលមានមូលដ្ឋានយោធារបស់ជប៉ុននៅលើនោះរួចជាស្រេច។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស៊ីនជីរ៉ុ កូអ៊ីហ្សូមី (Shinjiro Koizumi) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាការដាក់ពង្រាយជើងទម្រមីស៊ីលនៅលើកោះយ៉ាណាគូនី (Yanaguni) នឹងចាប់ផ្ដើមនៅឆ្នាំ២០៣០ ហើយនឹងធ្វើឱ្យបានរួចរាល់ត្រឹមខែមីនា ឆ្នាំ២០៣១។

ជប៉ុនប្រកាសអំពីផែនការនេះចំពេលខ្លួនកំពុងមានជម្លោះការទូតជាមួយប្រទេសចិនក្រោយការថ្លែងសុន្ទរកថារបស់លោកស្រីតាកាអ៊ីឈិ។ នៅថ្ងៃនេះផងដែរ ប្រទេសចិនប្រកាសដាក់លក្ខខណ្ឌរឹតត្បិតលើការនាំទំនិញពីក្រុមហ៊ុនរាប់សិបរបស់ជប៉ុនក្រោមហេតុផលថាពួកគេចូលរួមចំណែកនៅក្នុងការកសាងកម្លាំងយោធារបស់ជប៉ុន។ លោកកូអ៊ីហ្ស៊ូមីធ្លាប់ធ្វើដំណើរទៅកោះយ៉ាណាគូនី (Yanaguni) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។

លោកថ្លែងថាក្រសួងនឹងកោះប្រជុំប្រជាជនរស់នៅលើកោះនោះនៅសប្ដាហ៍ក្រោយដើម្បីជម្រាបពួកគេឱ្យបានដឹងអំពីផែនការនេះ។ កោះនោះស្ថិតនៅចម្ងាយ១១០គីឡូម៉ែត្រពីកោះតៃវ៉ាន់ និង១៩០០គីឡូម៉ែត្រពីទីក្រុងតូក្យូ។ សូមរំលឹកថាកាលពីខែវិច្ឆិកា លោកស្រីតាកាអ៊ីឈិប្រកាសនៅក្នុងរដ្ឋសភាថាជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់បើសិនកងទ័ពចិនវាយប្រហារកោះនេះ។ ការថ្លែងដូច្នេះធ្វើឱ្យប្រទេសចិនមានកំហឹងយ៉ាងខ្លាំង និងបានអំពាវនាវឱ្យប្រជាជនខ្លួនផ្អាកធ្វើដំណើរទៅជប៉ុនក្រោមហេតុផលសុវត្ថិភាព និងសន្តិសុខ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ