រាជធានីភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា ឯកអគ្គរាជទូត មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល នេះបើតាម ឯកឧត្តម ប៉ែន ប្រាកដ នាយករង ខុន្ទទកាល័យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃរដ្ឋសភាប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ឯកឧត្តម លើកឡើងថា នៅក្នុងជំនួបសម្តេចប្រធានរដ្ឋសភា លើកឡើងថា បេសកកម្មការទូតជាការងារដ៏ឧត្តុង្គឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ និងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ។ ឯកអគ្គរាជទូត ត្រូវធ្វើការដោយភាពទន់ភ្លន់ ម៉ឹងម៉ាត់ និងត្រូវតម្កល់ផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិជាធំ ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះ នៅព្រឹកថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអនុញ្ញាតជូន ឯកអគ្គរាជទូត ចំនួនបួនរូប ដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូត នៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលា និងទទួលអនុសាសន៍ នៅមុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម ។
ឯកឧត្តមអគ្គរាជទូត ដែលទើបតែងតាំង និងបានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូត ប្រចាំរដ្ឋកូវ៉ែត ឯកឧត្តម ផូ សំអាង ឯកអគ្គរាជទូតជាប្រចាំសាធារណរដ្ឋគុយបា ។
សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូត ទើបតែងតាំងថ្មី ទាំងបួនរូប ក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមសម្តែង នូវក្តីរីករាយ និងអបអរសាទរយ៉ាងខ្លាំង ចំពោះលោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូត ដែលត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់សេចក្តីទុកចិត្តតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំបណ្តាប្រទេសនានា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាមន្ត្រីការទូត ជាប្រភពព័ត៌សំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំផងដែរ។ បេសកកម្មការទូតពិតជាសំខាន់ខ្លាំង បំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកខាងក្នុងប្រទេស ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ក្នុងនាមជាមន្ត្រីការទូត ចាំបាច់ត្រូវមានសមត្ថភាព ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងការទូតរបស់រដ្ឋ ការទូតសភា និងការទូតផ្សេងៗ ដូចជាការទូតសេដ្ឋកិច្ច ការទូតប្រជាជន។
ក្រៅពីការបំពេញបេសកកម្មការទូត ឯកអគ្គរាជទូតក៏ជាអាណាព្យាបាលលើពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា ឬរកទទួលទាននៅតាមបណ្តាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរ។ អ្នកការទូតត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ ត្រូវរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ជាតិដល់អន្តរជាតិបានដឹង។
ឯកឧត្តម ណុំ ពិសិដ្ឋ តំណាងឯកអគ្គរាជទូតទាំងបួនរូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ឱកាសជូន ឯកឧត្តម និងលោកជំទាវ ទាំងអស់ បានចូលជួប សម្តែងការគួរសម ជម្រាបលា ពិសេសទទួលបានអនុសាសន៍ល្អៗនៅក្នុងឱកាសនេះ។
ឯកឧត្តមបានបង្ហាញពីការតាំងចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យទទួលបានជោគជ័យ ឆ្លើយតបចំពោះការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា ឱ្យមានប្រសិទ្ធិភាពខ្ពស់៕


ចែករំលែកព័តមាននេះ