ទីក្រុងកៀវ៖ ថ្ងៃនេះជាខួបទី៤ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន។ លោកហ្សេឡិនស្គីសច្ចាថាអ៊ុយក្រែននឹងមិនស៊ុំគ្រលំជាមួយរុស្ស៊ីដើម្បីចរចាសន្តិភាពត្រូវគ្នា រួចហើយមិនខ្វល់នឹងការពលីជីវិតរបស់ប្រជាជនខ្លួនឯងរយៈពេលបួនឆ្នាំកន្លងមកនេះទេ។ លោកចាត់ទុកការធ្វើដូច្នេះជាអំពើក្បត់។ ការថ្លែងដូច្នេះចំពេលដែលក្រុមសម្ព័ន្ធមិត្តកំពុងមានជំហរបែកខ្ញែកគ្នា។ ពីដំបូងដៃ សហភាពអឺរ៉ុបនឹកសង្ឃឹមថានឹងឈានដល់ការឯកភាពគ្នាដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៅលើប្រទេសរុស្ស៊ី។

ចំណុចមួយទៀត អឺរ៉ុបក៏សង្ឃឹមផងដែរថានឹងអនុម័តប្រាក់កម្ចី៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន។ ប៉ុន្តែសេចក្ដីសង្ឃឹមទាំងនេះត្រូវបាត់អស់ទៅវិញនៅពេលហុងគ្រីបោះឆ្នោតជំទាស់ទៅនឹងសំណើទាំង២នេះ។ ហុងគ្រីក្រោមការដឹកនាំរបស់លោកអ័របាន (Orban) កំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកពូទីន។ ហុងគ្រី និងស្លូវ៉ាគីចោទប្រកាន់ថាអ៊ុយក្រែនមានចេតនាបិទខ្ទប់ប្រេងឆៅដែលបង្ហូរតាមបំពង់ដ្រាស់បា (Druzhba)។ អ៊ុយក្រែនអះអាងថាបំពង់នោះកំពុងជួសជុលបន្ទាប់ពីត្រូវរុស្ស៊ីវាយប្រហារកាលពីខែមុន។

លោកហ្សេឡិនស្គីត្រៀមទទួលស្វាគមន៍វត្តមានរបស់ភ្ញៀវកិត្តិយសដែលអញ្ជើញមកពីអឺរ៉ុបខាងលិច ក្នុងនោះក៏មានប្រធានគណៈកម្មការអឺរ៉ុប លោកស្រីឡីយឹន (Leyen) ផងដែរ។ ប៉ុន្តែផ្ទុយពីឆ្នាំមុនៗ ឆ្នាំនេះគ្មានថ្នាក់ដឹកនាំបស្ចិមប្រទេសសំខាន់ៗចូលរួមទេ។ លោកហ្សេឡិនស្គីថ្លែងថាលោកពូទីនមិនទាន់សម្រេចគោលដៅរបស់គាត់នៅឡើយទេ, គាត់មិនទាន់អាចបំបាក់ទឹកចិត្តរបស់ប្រជាជនអ៊ុយក្រែនបានឡើយ, គាត់មិនទាន់មានជ័យជម្នះនៅក្នុងសង្គ្រាមនេះទេ។ ឆ្លៀតឱកាសនេះ លោកក៏សូមអញ្ជើញលោកត្រាំធ្វើដំណើរទៅទីក្រុងកៀវដើម្បីពិនិត្យមើលសភាពការណ៍ដោយផ្ទាល់។

ហ្សេឡិនស្គីប្រើសម្ដីរាងធ្ងន់បន្តិច។ លោកថាលុះត្រាតែមកមើលអ៊ុយក្រែនដល់ទីកន្លែង និងលុះត្រាតែមើលឃើញផ្ទាល់ភ្នែកនូវឆាកជីវិតរបស់ប្រជាជនអ៊ុយក្រែន និងការតស៊ូរបស់ពួកគេទើបលោកត្រាំអាចយល់ច្បាស់អំពីសង្គ្រាម។ យើងចង់បានណាស់សន្តិភាព។ ប៉ុន្តែត្រូវតែជាសន្តិភាពប្រកបដោយភាពថ្លៃថ្នូ, ប្រកបដោយជំហររឹងមាំ និងមានលក្ខណៈយូរអង្វែង។

ហ្សេឡិនស្គីថ្លែងថាគាត់បានប្រាប់គណៈប្រតិភូអ៊ុយក្រែនដែលចូលរួមការចរចាថាសូមកុំឱ្យពេលវេលាប៉ុន្មានឆ្នាំនេះក្លាយជារឿងឥតប្រយោជន៍, សូមកុំបង្អាប់តម្លៃការតស៊ូ, ភាពក្លាហាន, សេចក្ដីថ្លៃថ្នូរ និងអ្វីៗគ្រប់យ៉ាងដែលអ៊ុយក្រែនបានហែលឆ្លង។ យើងមិនអាច និងមិនត្រូវបណ្ដោយឱ្យបាត់បង់ទទេៗនោះឡើយ, មិនអាច និងមិនត្រូវបំភ្លេចរឿងនេះចោល ហើយក៏មិនអាច និងមិនត្រូវក្បត់រឿងទាំងនេះបានដែរ។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង បង្ហោះសារនៅលើបណ្ដាញអ៊ិចថារុស្ស៊ីវាយយកបានទីតាំងត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះពីអ៊ុយក្រែនដោយត្រូវបង់នូវតម្លៃដ៏ខ្ពស់៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ