ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវ​តំបន់​ជុំវិញ​ផ្សារ​ដើម​គរ​ រៀបរយ​បាន​ល្អ​ប្រ​សើរ គ្រោងរួចរាល់ទាំងស្រុងឆាប់​ៗនេះ ក្រោយ​ពី​អាជ្ញាធរ​មិន​ឱ្យ​អាជីវករ​លក់ដូរ​លើ​ចិ​ញ្ចើ​ម និង​ទ្រូងផ្លូវ

53 វិនាទី មុន

រាជធានីភ្នំពេញ ​៖ ​កំណាត់​ផ្លូវ​ជា​ច្រើន​ខ្សែ ​នៅ​តំបន់​ជុំវិញ​ផ្សារ​ដើម​គរ ពិសេស​មហាវិថី​ព្រះ​មុនី​រ៉េ​ត មហាវិថី​ម៉ៅ​សេ​ទុង ​និង​ផ្លូវ​លេខ​២៣០ ​ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ និង​ខណ្ឌ​បឹង​កេងកង មក​ដល់​ពេល​នេះ…

រាជធានីភ្នំពេញ ​៖ ​កំណាត់​ផ្លូវ​ជា​ច្រើន​ខ្សែ ​នៅ​តំបន់​ជុំវិញ​ផ្សារ​ដើម​គរ ពិសេស​មហាវិថី​ព្រះ​មុនី​រ៉េ​ត មហាវិថី​ម៉ៅ​សេ​ទុង ​និង​ផ្លូវ​លេខ​២៣០ ​ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ និង​ខណ្ឌ​បឹង​កេងកង មក​ដល់​ពេល​នេះ ការ​រៀបចំ​សណ្តាប់ធ្នាប់ គឺ​អនុវត្ត​បាន​ល្អ​ប្រសើរ ប្រមាណ​៩០%​ហើយ ក្រោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​ចាត់វិធានការ មិន​ឱ្យ​អាជីវករ​លក់ដូរ​លើ​ចិ​ញ្ចើ​ម​ផ្លូវ និង​ទ្រូងផ្លូវ ក្នុងរយៈពេល​ជាង​១​ខែ​ កន្លង​មកនេះ​ តែ​អ្វី​យើង​ចង់បាន​​ គឺ​ត្រូវ​បន្ត​ធ្វើ​ឱ្យ​សម្រេច​បាន​១០០​ភាគរយ​ នា​ពេល​ខាង​មុខ​ ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ប្រជុំ​ស្តី​ពី​វឌ្ឍនភាព​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការ​ផ្ទេរ​អាជីវករ​ ដែលលក់ដូរ​នៅ​លើ​ផ្លូវ និង​ចិញ្ចើម​ផ្លូវ ​ក្នុង​តំបន់​ជុំវិញ​ផ្សារ​ដើម​គរ ទៅ​លក់ដូរ​នៅ​ផ្សារ​ដើម​គរ​ថ្មី ឬ​ផ្សារ​តា​ម៉ា​ប់​ព្រែក​ជ្រៃ នា​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​សាលា​រាជធានី​ភ្នំពេញ​ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសា​ស​ន៌​ថា​ ការ​សម្រេច​បាន​ជោគជ័យ​ដ៏​ធំធេង​នេះ គឺ​បាន​មក​ពី​ការ​យកចិត្តទុកដាក់​អស់កម្លាំង​កាយ​ចិត្ត មិន​ថា​យប់ថ្ងៃ​របស់​អាជ្ញាធរ ​និង​កងកម្លាំង​របស់​យើង ហើយ​អ្វី​ដែល​ពី​សេស​ថែម​ទៀត​នោះ គឺ​បាន​ពី​ការ​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​។ ការ​គាំទ្រ​នេះ ក៏​ព្រោះតែ​យើង​ទាំងអស់​គ្នា អនុវត្ត​ការងារ​ខាងលើ ដោយ​ភាព​ទន់ភ្លន់ ស្លូតបូត តែ​ម៉ឺងម៉ាត់ និង​ធ្វើ​ឡើង​ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាពលរដ្ឋ​១៧​លាន​នាក់​។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា​ ជា​ទិស​ដៅ​របស់​យើង គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា​ សម្រេច​បាន​នូវ​ចក្ខុវិស័យ ក្លាយជា​ប្រទេស ​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

បន្ថែម​ពី​នេះ​ក្នុង​កិច្ចប្រជុំ​នោះ​ដែ​រ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ និង​ម៉ឺងម៉ាត់ ដោយ​មិន​អនុញ្ញាតិ​ឱ្យ​មានការ​លក់ដូរ រំលោភ​លើ​ទ្រូងផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​ឡើយ​។ ​ចំពោះ​ការងារ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​ តាម​ដងផ្លូវ​វិញ​ ក៏​ត្រូវ​រួម​គ្នា​ធ្វើ​ឡើងជា​ប្រចាំ​ផង​ដែរ ដោយនៅ​ពេល​នេះ​នៅ​រាជធានី​ភ្នំពេញ​របស់​យើង មាន​យានជំនិះ​ច្រើន​ជាង​ចំនួន​មនុស្ស​ទៅ​ហើយ​ ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា​ បងប្អូន​អាជីវករ នៅ​តំបន់​ជុំវិញ​ផ្សារ​ដើម​គរ​ចាស់ ដែល​ពួក​គាត់​នាំ​គ្នា​ទៅ​លក់ដូរ​នៅ​ផ្សារ​ដើម​គរ​ថ្មី នា​ខណ្ឌ​ព្រែក​ព្នៅ ​និង​ផ្សារ​តា​ម៉ា​ប់​ព្រែក​ជ្រៃ សង្កាត់​ព្រែក​កំពឹស ​ខណ្ឌដង្កោ តាម​ការ​ដោះស្រាយ​របស់​រដ្ឋបាល​រាជធានី ​ពួក​គាត់​មានការ​សប្បាយ​រីករាយ​ណាស់ រហូត​បាន​អំពាវនាវ​ឱ្យ​អាជីវករ​ផ្សេង​ទៀត​ ទៅ​លក់​តាម​ពួក​គាត់​ថែម​ទៀត ដែល​នេះ​ជា​ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​យើង ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ ។

ក្នុង​ឱកាស​នោះ​ លោកអភិបាល​រាជធានី​ បាន​ប្រកាស​បើក​ឱ្យធ្វើ​ចរាចរ​ឡើង​វិញ​ទាំងអស់​ផ្លូវ​នៅ​ជុំវិញ​ផ្សារ​ដើម​គរ​ចាស់​ចាប់ពី​«​ថ្ងៃស្អែក​»ទី​២៥ ​កុម្ភៈ ​២០២៦​នេះ​តទៅ​ ។

ជាមួយ​គ្នា​នោះ​ដែរ លោក ឃួ​ង ស្រេង អភិបាល​រាជ​ធា​និ​ភ្នំពេញ ​ក៏​បាន​ជំរុញ​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ បន្ត​ធ្វើការ​បាញ់ថ្នាំ​មូស​នៅ​តាម​មូលដ្ឋាន​ប្រជាពលរដ្ឋ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ