ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ស្នើ​ឱ្យ​ភាគី​ថៃ ឈប់​ផ្សាយ​ព័ត៌មាន​មិន​ពិតថា កម្ពុជាបាញ់​គ្រាប់បែក​៤០​មី​លី​ម៉ែត្រ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​ឲ្យ​ដឹង​ថា ៖…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​ឲ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ មាន​ផេ​ក​ផ្លូវការ​របស់​យោធា និង​បណ្តាញសារព័ត៌មាន​របស់​ថៃ​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ថា ភាគី​កម្ពុជា​បាន​ប្រើប្រាស់​អាវុធ​បាញ់​គ្រាប់បែក​ខ្នាត ៤០​មី​លី​ម៉ែត្រ បាញ់​ចូល​មក​តំបន់​ក្បែរ​ចំណុច​ល្បាត​របស់​ភាគី​ថៃ ចំនួន ១​គ្រាប់ នៅ​វេលា​ម៉ោង ៨:៥០​នាទី​ព្រឹក នៅ​ទល់មុខ​ភូមិសាស្ត្រ​គោល​ប្រាំបី ចាក់ច្រែង ក្នុង​ខេត្តព្រះវិហារ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​បដិសេធ​ចោល​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​ចោទប្រកាន់​នេះ ហើយ​អំពាវនាវ​ឱ្យ​ភាគី​ថៃ បញ្ឈប់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​អាច​បង្ក​ឱ្យ​មានការ​យល់​ច្រឡំ និង​ការ​កើនឡើង​នូវ​ភាព​តានតឹង ។

យោង​តាម​ព័ត៌មាន ដែល​ទទួល​បាន​ពី​យោធភូមិ​ភាគ​ទី​៤ នៃ​កង​យោធពលខេមរភូមិន្ទ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ឮ​សំឡេង​ផ្ទុះ និង​សំឡេង​បាញ់កាំភ្លើង​នៅ​ខាង​ភាគី​ថៃ ក្រុម​ទំនាក់ទំនង​របស់​យោធភូមិ​ភាគ​ទី​៤ របស់​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ បាន​ទាក់ទង​សាកសួរ និង​ផ្តល់​ព័ត៌មាន​គ្នា​ទៅ​លើ​ករណី​នេះ​រួចរាល់​ហើយ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​កងទ័ព​ភូមិភាគ​ទី​២​ថៃ ថា កងកម្លាំង​របស់​កម្ពុជា មិន​បាន​បាញ់​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

ក្រសួងការពារជាតិ​កម្ពុជា សូម​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ច្បាស់លាស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ​ខ្ជាប់ខ្ជួន និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ជា​ពិសេស​ការ​ប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​យូរអង្វែង​នៅ​តាម​បណ្តោយ​ព្រំដែន ។

ជាមួយ​គ្នា​នេះ ក្រសួងការពារជាតិ សូម​អំពាវនាវ​ដល់​សាធារណជន និង​អ្នក​សារព័ត៌មាន​ទាំងអស់ សូមកុំ​ចែករំលែក​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ​ខាងលើ ដោយ​តាមដាន និង​ទទួលយក​តែ​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់លាស់ ត្រឹមត្រូវ និង​ជឿ​ទុកចិត្ត​បាន ជា​ពិសេស​ការ​ផ្តល់​ជូន​ព័ត៌មាន​ដោយ​រាជរដ្ឋាភិបាល ទំព័រ​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ ក្រសួង និង​អង្គភាព​ពាក់ព័ន្ធ​របស់​យើង​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ