នៅពេលដែលល្បឿនស្របច្បាប់លឿនបំផុត ដែលបានអនុញ្ញាតឲ្យបើកត្រឹម១២០គីឡូម៉ែត្រនៅក្នុងមួយម៉ោង នៅលើទ្រូងផ្លូវនៅកម្ពុជា មានអ្នកបើកបរថយន្តខ្លះ បើករហូតដល់ល្បឿន១៨៩គីឡូម៉ែត្រ ។
តាមការបញ្ជាក់ ដោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា សមត្ថកិច្ចបានថតជាប់រថយន្តខ្លះ បើកបរដល់ល្បឿន១៨៩គីឡូម៉ែត្រ នៅក្នុងមួយម៉ោង ។
ប្រភពដដែលក៏បានផ្សព្វផ្សាយនូវរូបភាព ដែលថតលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១០៩-១១០ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែកុម្ភៈ គឺពិតជា បានរកឃើញអ្នកបើកបរខ្លះ គឺបើកដល់ល្បឿន១៨៩ គីឡូម៉ែត្រ នៅក្នុងមួយម៉ោងមែន ។
នៅកម្ពុជា មិនមានផ្លូវណាត្រូវបានផ្តល់សិទ្ធិឲ្យអ្នកបើកបរបញ្ជាចង្កូតរថយន្តដល់ល្បឿនកំណត់បែបនេះឡើយ សូម្បីតែនៅលើផ្លូវល្បឿនលឿនល្បឿនស្របច្បាប់លឿនបំផុតត្រឹម១២០ គីឡូម៉ែត្រ នៅក្នុងមួយម៉ោងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ