ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​ការទូត ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​​មមារ​ញឹក​នៅ​លើ​ឆាក​អន្តរជាតិ​ផ្តោត​លើរក​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ

48 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​​បាន​កំពុង​មមារ​ញឹក​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​ចប់​ពី​សហរដ្ឋ​អាម៉េរិក​រួច ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​អញ្ជើញ​ដល់​ទ្វីបអឺរ៉ុប ដោយ​ផ្តោត​លើ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២៤…


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល
កម្ពុជា​​បាន​កំពុង​មមារ​ញឹក​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​ចប់​ពី​សហរដ្ឋ​អាម៉េរិក​រួច ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​អញ្ជើញ​ដល់​ទ្វីបអឺរ៉ុប ដោយ​ផ្តោត​លើ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា ខណៈ​ពេល​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​បំពេញបេសកកម្ម​ការទូត​យ៉ាង​មមារ​ញឹក​នៅ​លើ​ឆាក​អន្តរជាតិ ។ ចប់​ពី​សហរដ្ឋ​អាម៉េរិក សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​ដល់​ទ្វីបអឺរ៉ុប និង​កំពុង​មមារ​ញឹក​ក្នុង​ការ​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​កំពូល​អន្តរជាតិ ដូច​ជា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រធាន​មហាសន្និបាត​អង្គការ​សហ ប្រជាជាតិ​លើក​ទី​៨០ និង​អនុប្រធាន​កាកបាទក្រហម​អន្តរជាតិ​ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា​មាន​ដូច​ជា​ប្រធានាធិបតី​ទី​ម័​រ​ឡេ​ស្តេ​ជាដើម ។

ឯកឧត្តម​បាន​លើក​ឡើង​ថា គោលបំណង​នៃ​ជំនួប​ទាំងនោះ គឺ​ប្រាកដ​ណាស់​ថា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពិភាក្សា​អំពី​បញ្ហា​សំខាន់​ៗ​ដែល​ថ្នាក់​តំបន់ និង​អន្តរជាតិ​កំពុង​ប្រឈម​មុខ ខណៈ​ដែល​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​ប្រធានបទ​ក្តៅ​មួយ​ដែល​សហគមន៍​អន្តរជាតិ​បាន​និង​កំពុង​ផ្តោត​ការ​ចាប់អារម្មណ៍​ខ្លាំង និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ។

នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន សម្តេច​មហា​បវរ​ធិ​បតី បាន​ជម្រាប​ជូន​ដៃគូ​សន្ទនា អំពី​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​បាន​សង្កត់ធ្ងន់​ថា សន្តិភាព​នៅ​តែ​ជា​គុណ​តម្លៃ​ស្នូល​របស់​កម្ពុជា និង​បាន​អំពាវនាវ​ឱ្យ​មានការ​អនុវត្ត​យ៉ាង​ពេញលេញ និង​ដោយ​ស្មោះត្រង់​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​កម្ពុជា​-​ថៃ ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ការ​វិល​ត្រឡប់​របស់​ប្រជាជន​ស៊ី​វិល​ទៅ​ផ្ទះសម្បែង​វិញ និង​រស់នៅ​ដោយ​សុវត្ថិភាព និង​ការ​មិន​គំរាម ឬ​មិន​ប្រើ​កម្លាំង​។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា ក្រឡេក​មើល​មក​ក្នុង​ប្រទេស​វិញ សកម្មភាព​ការទូត​ក៏​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម​មមារ​ញឹក ។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ លោក​ជំទាវ អ៊ា​ត សោភា រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ដឹកនាំ​អង្គទូត និង​តំណាង​ទីភ្នាក់ងារ​អង្គការ​អន្តរជាតិ​ប្រចាំ​កម្ពុជា ចុះពិនិត្យ​ទីតាំង​នៅ​ភូមិ​ជោគជ័យ ភូមិ​ព្រៃ​ចាន់ និង​តំបន់​បឹង​ត្រកួន ក្នុង​ខេត្តបន្ទាយមានជ័យ នៃ​ប្រទេស​កម្ពុជា​ដែល​កងទ័ព​ថៃ បាន​ឈ្លានពាន​កាន់កាប់​ដោយ​អាវុធ ហើយ​បន្ត​ដាក់​ពង្រាយ​ទូ​កុងតឺន័រ និង​បន្លា​លួស​បិទផ្លូវ​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ ។

ឯកឧត្តម​បាន​បន្ត​ថា នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​សកម្មភាព​ការទូត​បែប​នេះ ត្រូវ​បាន​រៀបចំ​ឡើង ប៉ុន្តែ​វា​គឺជា​ការ​បន្ត​ធ្វើ​ជា​ប្រចាំ​យ៉ាង​សកម្ម និង​ឥត​ឈប់​ឈរ​ក្នុង​បុព្វហេតុ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការពារ​ប្រជាពលរដ្ឋ​ដែល​រង​ការ​រំលោភ​បំពាន ។ ក្រៅពី​នោះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​តែងតែ​ធ្វើ​បទ​បង្ហាញ​ជូន​ប្រធាន​និង​តំណាង​នៃ​ស្ថាន​បេសកកម្ម​ការទូត​និង​អង្គការ​អន្តរជាតិ​អំពី​បច្ចុប្បន្នភាព​នៃ​ការ​វិវត្តន៍​ស្ថានការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

ចំណែក​ស្ថាន​តំណាង​កម្ពុជា​នៅ​ក្រៅប្រទេស ក៏​បាន​ធ្វើ​ចលនា​ការទូត​យ៉ាង​សកម្ម​ដើម្បី​ឱ្យ
បណ្តា​​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិ​បាន​យល់​ពី​ការ​ពិត និង​ពី​ជំហរ​ដ៏​ត្រឹមត្រូវ​របស់​កម្ពុជា​ដែល​ទាមទារ​ចង់បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ។ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ដែល​កងទ័ព​ថៃ​បាន​បើក​ការ​វាយប្រហារ​បំពាន​លើ​កម្ពុជា​មក ទាំង​ថ្នាក់ដឹកនាំ​កំពូល និង​ថ្នាក់ដឹកនាំ​ក្រសួង និង​ស្ថាប័ន​នានា​រហូត​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋា​ភិបាល បាន​បំពេញការងារ​យ៉ាង​សកម្ម​បំផុត​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី ក៏​ដូច​ជា​ការ​យកចិត្តទុកដាក់​ជួយ​ប្រជាពលរដ្ឋ​ភៀស​សឹកខណៈ​ដែល​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​គ្រប់​ករណី​ទាំងអស់​ដោយ​គ្មាន​ខ្វះចន្លោះ​ឡើយ ។

គ្រាន់តែ​ក្នុងអំឡុងពេល​ជាង​៦​ខែ​ចុង​ក្រោយ​នេះ ក្រសួង​និង​ស្ថាប័ន​នានា​របស់​រាជរ​ដ្ឋា​ភិបាល​​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កំណត់​ទូត​តវ៉ា សេចក្តីថ្លែងការណ៍ ញ្ញតិ​ថ្កោលទោស និង​លិខិត​បកស្រាយ ឬ​លិខិត​បំភ្លឺ​ឆ្លើយ​តប​ផ្សេង​ៗ គ្រប់​ទម្រង់​សរុប​ចំនួន​ជិត ៧០០​លើក ហើយ​បាន​និង​កំពុង​បន្ត​ធ្វើ​ជា​បន្តបន្ទាប់​ឆ្លើយ​តប​ទៅ​នឹង​គ្រប់​ករណី​ដែល​មានការ​រំលោភ​បំពាន ។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ រាជរដ្ឋាភិបាលកម្ពុជា​បាន​តវ៉ា​ជា​ផ្លូវការ​ចំពោះ​វត្តមាន​ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​នាវា​កងទ័ពជើងទឹក​ថៃ និង​ការ​អនុវត្ត​នីតិ​ថៃ ដោយ​ល្មើសច្បាប់​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា​ដោយ​បាន​ចាប់ខ្លួន​ពលរដ្ឋ​កម្ពុជា​បី​នាក់ និង​បាន​រឹបអូស​នាវា​នេសាទ​របស់​ពួក​គេ​ផង នៅ​ជិត​កោះ​យ៉រ ខេត្តកោះកុង របស់​កម្ពុជា ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជូន​ជនរួមជាតិ​ថា សកម្មភាព​ទាំង​អស់នេះ​សបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ ដែល​ចាត់​ទុក​ការ​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន គឺជា​អាទិភាព​ខ្ពស់​បំផុត​ដូច​អ្វី​ដែល​សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ស្រាប់ ។ ការងារ​ការទូត​យ៉ាង​សកម្ម​ទាំង​ក្នុង​និង​ក្រៅប្រទេស​បែប​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ឆន្ទៈ​និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ បាន​និង​កំពុង​បង្ហាញ​សកម្មភាព​ជាក់ស្តែង​ឱ្យ​ប្រជាពលរដ្ឋ​បានឃើញ​គ្រប់​ៗ​គ្នា​។ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី​បាន​សាទរ និង​គាំទ្រ​សកម្មភាព​ទាំងនេះ​យ៉ាង​ខ្លាំង ។

សូម​បញ្ជាក់​ជូន​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ។ កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ