ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដៃដល់ចំនួន២នាក់ត្រូវបានកម្លាំងនគរបាលក្រុងច្បារមនធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសកញ្ចឹងក ប្លន់យកផ្លាកលេខម៉ូតូពីជនរងគ្រោះបានហើយព្យាយាមគេចខ្លួន ប៉ុន្តែសំណាងអាក្រក់ជួបក្រុមនគរបាលជួយអន្តរាគមន៍ទាន់ពេល។
ការឃាត់ខ្លួនក្រុមជនសង្ស័យដៃដល់កាប់ជនរងគ្រោះរងរបួសប្លន់យកផ្លាកលេខម៉ូតូ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចលេីផ្លូវលេខ១០៥ ស្ថិតនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលក្រុងច្បារមនបាននិយាយឱ្យដឹងថា នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ មានករណីបង្កហិង្សាដោយចេតនា ប៉ុនប៉ងមនុស្សឃាតនិងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃបានកើតឡើងដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងច្បារមន បានបញ្ជាឱ្យកំលាំងធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្រុមប្រព្រឹត្ដបាន និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ និងដកហូតបានកាំបិតផ្គាក់១ដើម ម៉ូតូ១គ្រឿង ម៉ាកហុងដាប៊ីត ( HONDA BET) ព៌ណខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ1KT-8313 និងផ្លាកលេខម៉ូតូដែលបានប្លន់យកទៅមួយបន្ទះ ផ្លាកលេខ(ភ្នំពេញ 1KN-2992) ។
នគរបាលក្រុងច្បារមនបានបន្តថាក្រុមជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ ទី១- ឈ្មោះ ផាន់ ច័ន្ទសុភ័ណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ សំ សុវណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិតាំក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ចំណែកជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះ និងលំនៅឋាននៅឡើយទេ។
នគរបាលក្រុងច្បារមនបានបញ្ជាក់ថា÷ ករណីខាងលេីនេះដោយផ្អែកតាមបណ្ដឹងរបស់ជនរងគ្រោះបានមកផ្ដល់សេចក្ដីរាយការណ៍ជូនសមត្ថកិច្ចភ្លាម ៗឱកាសនៃការរត់គេចមិនអាចទុកលេីស២៤ម៉ោងបានឡេីយ ជនល្មេីសត្រូវបានបង្ក្រាបនិងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងច្បារមន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធី៕




ចែករំលែកព័តមាននេះ