រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបង្កើនភាពម្ចាស់ការលើការងារបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដឹកនាំកិច្ចប្រជុំពិភាក្សាការងារយ៉ាងសំខាន់មួយ ជាមួយក្រុមបច្ចេកទេសនៃកងទ័ពសហរដ្ឋអាមេរិក ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីបញ្ជាការCMAC ភ្នំពេញ ខ្ញុំ រួមជាមួយតំណាងកងយោធពលខេមរភូមិន្ទ (កងទ័ពជើងគោក និងអង្គភាពNPMEC) បានជួបពិភាក្សាការងារហ្វឹកហ្វឺនជាមួយក្រុមបច្ចេកទេសកងទ័ពសហរដ្ឋអាមេរិក ។

លោក ហេង រតនា បានបញ្ជាក់ថា នេះជាការពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការនៃការពង្រឹងសមត្ថភាព និងភាពម្ចាស់ការលើជំនាញបច្ចេកទេសបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា និងអន្តរជាតិ ។
គួរបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសមួយដែលមានបទពិសោធន៍ និងសមត្ថភាពខ្ពស់លើវិស័យបោសសម្អាតមីន ហើយតាមរយៈការហ្វឹកហ្វឺនបន្ថែមពីក្រុមបច្ចេកទេសកងទ័ពសហរដ្ឋអាមេរិកនេះ នឹងកាន់តែធ្វើឱ្យបច្ចេកទេសរបស់មន្ត្រីយើង ដើរទាន់បច្ចេកវិទ្យាទំនើបៗនៃយុទ្ធភណ្ឌជំនាន់ថ្មី ដែលជួយកាត់បន្ថយហានិភ័យ និងបង្កើនល្បឿននៃការបោសសម្អាតឱ្យកាន់តែឆាប់រហ័សជាងមុន៕





ចែករំលែកព័តមាននេះ