យោងតាមការផ្សាយពីប្រភពបរទេស តើអ្នកដឹងទេថា ម្ទេសហាវ៉ៃពណ៌បៃតង លឿង និងក្រហម ដែលយើងឃើញជារៀងរាល់ថ្ងៃ តាមពិតទៅគឺជាពូជតែមួយប៉ុណ្ណោះ0x017d7 ភាពខុសគ្នានៃពណ៌ទាំងនេះ គឺអាស្រ័យទៅលើដំណាក់កាលនៃភាពទុំរបស់វានៅលើដើម ដែលកាលណាវាត្រូវបានទុកឱ្យទុំកាន់តែយូរ វានឹងប្រែប្រួលពណ៌ពីបៃតង ទៅជាពណ៌លឿង និងពណ៌ក្រហមជាលំដាប់។
ការប្រែប្រួលពណ៌នេះមិនត្រឹមតែផ្លាស់ប្តូររសជាតិឱ្យកាន់តែផ្អែមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដោយផ្ទាល់ទៅលើបរិមាណវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែផងដែរ។
ម្ទេសហាវ៉ៃពណ៌បៃតង គឺជាដំណាក់កាលដែលវានៅខ្ចីមិនទាន់ទុំពេញលេញ ដែលធ្វើឱ្យវាមានជាតិស្ករទាបបំផុត និងសម្បូរទៅដោយជាតិសរសៃអាហារ រួមជាមួយសារធាតុក្លរ៉ូហ្វីល ដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ ឬកាត់បន្ថយកាឡូរី។ បន្ទាប់មក នៅពេលវាប្រែជាពណ៌លឿង វានឹងសម្បូរទៅដោយសារធាតុ Lutein និង Zeaxanthin ដែលជាជំនួយការដ៏វិសេសវិសាលសម្រាប់សុខភាពភ្នែក ជាពិសេសក្នុងការជួយការពាររីទីណាពីពន្លឺពណ៌ខៀវចេញពីអេក្រង់អេឡិចត្រូនិច។ ចំណែកឯម្ទេសហាវ៉ៃពណ៌ក្រហមវិញ គឺជាដំណាក់កាលដែលទុំពេញលេញ និងមានតម្លៃអាហារូបត្ថម្ភខ្ពស់បំផុត ដោយវាសម្បូរទៅដោយវីតាមីន C លើសបន្លែភាគច្រើន ព្រមទាំងមានសារធាតុ Carotenoids ខ្ពស់ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពាររាងកាយពីការរលាក និងជួយដល់ការផលិតកូឡាជែនឱ្យស្បែកស្រស់ថ្លា។
សរុបមក ប្រសិនបើអ្នកចង់បានវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនបំផុត ម្ទេសហាវ៉ៃពណ៌ក្រហមគឺជាជម្រើសដ៏ល្អបំផុត ប៉ុន្តែការទទួលទានចម្រុះពណ៌ចូលគ្នា នឹងជួយឱ្យរាងកាយទទួលបានតុល្យភាពនៃវីតាមីន និងជាតិសរសៃបានកាន់តែប្រសើរ។ ដើម្បីទទួលបានគុណប្រយោជន៍ខ្ពស់បំផុត អ្នកគួរទទួលទានវាទាំងនៅស្រស់ៗ ឬឆៅ ព្រោះវីតាមីន C ងាយនឹងបាត់បង់នៅពេលប៉ះកម្ដៅខ្លាំង។ ម្យ៉ាងវិញទៀត ការញ៉ាំម្ទេសហាវ៉ៃរួមជាមួយអាហារដែលមានជាតិដែក នឹងជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែកបានកាន់តែពូកែ ដែលធ្វើឱ្យវាក្លាយជាបន្លែដ៏វិសេសសម្រាប់សុខភាពរាងកាយទាំងមូល៕
ចែករំលែកព័តមាននេះ