ខេត្តកំពង់ធំ ៖ ស្នងការនគបាលខេត្តកំពង់ំធំបានបញ្ជាក់ថា គ្មានគោលការណ៍ពីថ្នាក់ដឹក នាំឱ្យចុះរឹតបន្តឹងច្បាប់ចរាចរណ៍លើផ្លូវលំ (ផ្លូវដី) នោះទេ ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌ មានរបស់ស្នងការនគបាលខេត្តកំពង់ធំ ។

ការបញ្ជាក់របស់ស្នងការនគបាលខេត្តកំពង់ធំនេះ បន្ទាប់ពីមានការរិះគន់យ៉ាងពីសំណាក់អ្នកលេងបណ្តាញសង្គម ចំពោះក្រុមនគបាលចរាចរណ៍ខេត្តកំពង់ធំ បានដាក់ទីតាំងគោលដៅត្រួតពិនិត្យចរាចរណ៍នៅលើផ្លូវក្រួសក្រហមមួយខ្សែនៅក្នុងខេត្តកំពង់ធំ និងបានឃាត់អ្នកដំណើរអប់រំណែរនាំជាដើម ។

យ៉ាងណាក្តី បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញសេចក្តីបំភ្លឺព័ត៌មានថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានអ្នកសារព័ត៌មាន ផេកហ្វេសប៊ុកមួយចំនួន បានចុះផ្សាយខ្លឹមសារពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ស្រុកសន្ទុក ចុះរឹតបន្ដឹងច្បាប់ចរាចរណ៍ ស្ថិតនៅចំណុចភូមិរាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

អ្នកនាំពាក្យសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបងប្អូននិយមបណ្តាញសង្គមមេត្តាជ្រាបថា កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យ ផ្សព្វផ្សាយ អប់រំ ពិតប្រាកដមែន តែពុំបានផាកពិន័យដល់អ្នកបើកបរមធ្យោបាយទាំងអស់នោះទេ គ្រាន់តែបានធ្វើការអប់រំណែនាំតែប៉ុណ្ណោះ ។ ហើយក៏គ្មានគោលការណ៍ពីថ្នាក់ដឹកនាំឱ្យចុះរឹតបន្តឹងលើផ្លូវលំ (ផ្លូវដី) នោះដែរ ។

ដូចនេះ ស្នងការនគរបាលខេត្តបានធ្វើការណែនាំបន្ថែម ដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ ចំពោះការរឹតបន្ដឹងច្បាប់ចរាចរណ៍ឱ្យអនុវត្តនៅតាម ផ្លូវកៅស៊ូ និងផ្លូវជាតិតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ