ខេត្តមណ្ឌលគិរី ៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដើម្បីពង្រឹងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែប្រសើរឡើង ។

ពិធីនេះ បានប្រារព្ធឡើងនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ។
តាមរបាយការណ៍របស់លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ មន្ទីរសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ រួមមាន ការចុះបញ្ជីសហគ្រាស និងកម្មករ មានសហ គ្រាសក្នុងវិស័យឯកជនចំនួន៣២០ បានចុះបញ្ជីដែលមានសមាជិកសរុប ៦,៣០១នាក់ ។
ការគាំពារសង្គម (ប.ស.ស) ក្នុងវិស័យសាធារណៈ មានអង្គភាពចំនួន៣៣បានចុះបញ្ជីដែលមានសមាជិកជិត៤,០០០នាក់ ។

ទន្ទឹមនឹងនេះ មន្ទីរបានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន១៨កន្លែង ដើម្បីបម្រើសេវាជូនសមាជិក ប.ស.ស ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) មន្ទីរបានជំរុញយ៉ាងសកម្មលើការបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។
លោកប្រធានមន្ទីរបានបន្តថា ទោះបីជាទទួលបានលទ្ធផលល្អ ប៉ុន្តែមន្ទីរក៏ជួបបញ្ហាប្រឈមមួយចំនួន ដូចជាកង្វះខាតមធ្យោបាយធ្វើដំណើរ និងចំនួនមន្ត្រីជំនាញនៅមានកម្រិត ។ ជាពិសេស ភូមិសាស្ត្រខេត្តមានលក្ខណៈធំទូលាយ និងដាច់ស្រយាល ដែលធ្វើឱ្យការចុះអធិការកិច្ចការងារតាមបណ្តាក្រុមហ៊ុនវិនិយោគជួបការលំបាក ។

លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានផ្តល់អនុសាសន៍ផ្តាំផ្ញើដ៏សំខាន់ៗ ដើម្បីមន្ត្រីអនុវត្តការងារបន្ត ដោយជំរុញឱ្យមន្ទីរបន្តចុះផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសទាំងអស់ឱ្យមកចុះបញ្ជី ដើម្បីធានាថាបងប្អូនកម្មករនិយោជិតទទួលបានការគាំ ពារសង្គមពេញលេញ។
លោកអភិបាលរងបានសង្កត់ធ្ងន់ថា ក្រុមការងារទាំងអស់ត្រូវធ្វើយ៉ាងណាជំរុញឱ្យយុវជនមានជំនាញពិតប្រាកដ ដើម្បីឆ្លើយតបនឹងទីផ្សារការងារក្នុងខេត្ត និងកាត់បន្ថយការធ្វើចំណាកស្រុក ។ ហើយមន្ត្រីអធិការកិច្ចត្រូវដោះស្រាយវិវាទការងារដោយសន្តិវិធី និងយុត្តិធម៌ ដើម្បីបង្កបរិយាកាសល្អរវាងនិយោជក និងនិយោជិត ។

រៀបចំផែនការការងារឱ្យបានច្បាស់លាស់ និងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព សំដៅសម្រេចឱ្យបាននូវទិសដៅការងារឆ្នាំ២០២៦ ក្នុងការបន្តបម្រើសេវាជូនប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព៕

ចែករំលែកព័តមាននេះ