ខេត្តបន្ទាយមានជ័យ ៖ គណៈប្រតិភូអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជាប្រមាណ២១ស្ថាប័ន ចុះពិនិត្យជាក់ស្តែងទីតាំងភូមិជោគជ័យនិងភូមិព្រៃចាន់តំបន់បឹងត្រកួន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅស្រុកអូរជ្រៅ និងស្រុកថ្មពួក ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា លោកបានសម្របសម្រួលជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដឹកនាំគណៈប្រតិភូអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជាប្រមាណ២១ស្ថាប័ន បានចុះពិនិត្យជាក់ស្តែងផ្ទាល់មើលទីតាំងដែលភាគីទាហានថៃរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជានៅភូមិព្រៃចាប់ ភូមិជោគជ័យ ស្ថិតក្នុងភូមិសាស្គ្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន មានភូមិថ្នល់បំបែក ភូមិបន្ទាយមានរិទ្ធ ភូមិសាមគ្គី ភូមិត្រពាំងសំរោង ស្ថិតក្នុងភូមិសាស្ត្រឃុំគោករមៀត ស្រុកថ្មពួក ។

លោកបានបញ្ជាក់ថា នៅពេលដែលប្រតិភូអង្គទូតចុះពិនិត្យជាក់ស្តែង ហើយបានបង្ហាញផែនទីអោយបានដឹងភាគីទាហានថៃ ពិតជារំលោភដែនអធិបតេយ្យភាពកម្ពុជាក្រោយបទឈប់បាញ់គ្នា ហើយបានយកលួសបន្លា និងដាក់កុងតឺន័រព័ទ្ធយកលំនៅឋានប្រជាពលរដ្ឋរហូតចំនួន៦ភូមិ មាន២ភូមិឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង៤ភូមិឃុំគោករមៀត ស្រុកថ្មពួក មានផ្ទះប្រជាពលរដ្ឋខ្លះ ត្រូវបានទាហានថៃយកគ្រឿងចក្រឈូសឆាយ និងធ្វើផ្លូវហើយកាយប្រឡាយព័ទ្ធជុំវិញដែលជាអំពើឈ្លានពាន និងរំលោភបូរណភាពទឹកដោយពិតប្រាកដ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា ទាហានភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់បណ្តាលភ័យខ្លាចក៏ត្រូវបង្ខំចិត្តចាកចេញលំនៅឋានភៀសខ្លួនទៅរស់តំបន់ភៀសសឹក ពេលនេះមានចំនួន២កន្លែង មានវត្តកណ្តោល ស្រុកថ្មពួក និងវត្តចាន់ស៊ី ស្រុកអូរជ្រៅ ដែលមានជនភៀសសឹកជាង៣.០០០គ្រួសារ ដោយរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើជម្រកបណ្តោះអាសន្នជូនពួកគាត់ ៕





ចែករំលែកព័តមាននេះ