ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រអំពាវនាវឱ្យសប្បុរសជន និងអង្គការអន្តរជាតិបន្តជួយកម្ពុជាឱ្យអស់គ្រា.ប់មីន

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ព្រះរាជ​បន្ទូល​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​មិត្ត អង្គការ​ជាតិ​-​អន្តរជាតិ និង​សប្បុរស​ជនជាតិ​-​អន្តរជាតិ​នានា សូម​មេត្តា​បន្ត​កិច្ច​សហប្រតិបត្តិការ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ព្រះរាជ​បន្ទូល​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​មិត្ត អង្គការ​ជាតិ​-​អន្តរជាតិ និង​សប្បុរស​ជនជាតិ​-​អន្តរជាតិ​នានា សូម​មេត្តា​បន្ត​កិច្ច​សហប្រតិបត្តិការ និង​ចូលរួម​គាំទ្រ​លើ​សកម្មភាព​បោស សម្អាត​មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ។

យោង​តាម​ព្រះរាជ​សារ​របស់​ព្រះ​អង្គ​ប្រទាន​ជូន​ជនរួមជាតិ ក្នុង​ឱកាស​ខួប​លើក​ទី​២៧ នៃ​ទិវា​ជាតិ​យល់​ដឹង​អំពី​មីន ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ដែល​បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ជា​ទិវា​ជាតិ​យល់​ដឹង​អំពី​មីន​នេះ​ជា​ទិវា​ដ៏​មាន​សារៈសំខាន់​មួយ ដើម្បី​រម្លឹក​ដល់​ប្រជារាស្ត្រ​គ្រប់​រូប​ឱ្យ​យល់​ដឹង​កាន់តែ​ច្បាស់ និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយសារ​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ ។

ក្នុង​ព្រះរាជ​សារ​ព្រះករុណា​ព្រះមហាក្សត្រ បាន​សម្ដែង​នូវ​ហឫទ័យ​សោមនស្ស​រីករាយ រួម​ជា​បងប្អូន​ជនរួមជាតិ​ទាំងអស់ ជាទី​គោរព​នឹករលឹក និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​២៧ នៃ​ទិវា​ជាតិ​យល់​ដឹង​អំពី​មីន ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ក្រោម​ប្រធានបទ «​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ជនភៀសសឹក និង​សហគមន៍​មាន​សុវត្ថិភាព​»​។

ព្រះករុណា បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ នៅ​លើ​ផ្ទៃ​ប្រទេស​មាន​បន្សល់​ទុក​នូវ​គ្រាប់​មីន សំណល់​ជាតិ​ផ្ទុះ​យ៉ាង​សន្ធឹកសន្ធាប់ ។ គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ខ្ទេចខ្ទី បណ្តាល​ឱ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នឹង​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​កម្ពុជា​រាប់​ម៉ឺន​នាក់​ត្រូវ​រង​របួស​ធ្លាក់ខ្លួន​ពិការ​ពេញ​មួយ​ជីវិត និង​បាន​បាត់បង់​ជីវិត ព្រមទាំង​បាន​បង្ក​ជា​សោកនាដកម្ម​ដ៏​ឈឺចាប់​ដែល​មិន​អាច​បំភ្លេច​បាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

ព្រះ​អង្គ​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទៀត ប្រទេស​កម្ពុជា​យើង​ទើបបាន​រង​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ រថក្រោះ និង​យន្តហោះ​ពី​ទាហាន​ថៃ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ។ នៅ​លើ​សមរភូមិ​មាន​គ្រាប់បែក គ្រាប់រំសេវ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ផ្សេង​ៗ​នៅ​រាយ​ប៉ាយ​តាម​ភូមិករ​របស់​ប្រជាជន​កម្ពុជា​ការណ៍​នេះ​បង្កើត​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បោសសម្អាត​បន្ថែម​ទៀត ។

កន្លង​មក រាជរដ្ឋាភិបាល​កម្ពុជា បាន​កម្ទេច​គ្រាប់​មីន​គ្រប់​ប្រភេទ ដែល​មាន​ស្តុក​នៅ​ក្នុង​ឃ្លាំង និង​បាន​ខិតខំ​បង្កើន​សកម្មភាព​យុទ្ធនាការ​បោសសម្អាត​គ្រាប់​មីន ក្រោម​ជំនួយ​ឧបត្ថម្ភ​គាំទ្រ ពី​អង្គការ​ជាតិ​-​អន្តរជាតិ ដើម្បី​រំដោះ​ដីស្រែ​-​ចម្ការ​ជូន​ប្រជា​កសិករ​នៅ​ទូ​ទាំង​ប្រទេស ។

ជាមួយ​គ្នា​នេះ​ដែរ ព្រះមហាក្សត្រ ព្រះ​អង្គ​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​មិត្ត អង្គការ​ជាតិ​-​អន្តរជាតិ និង​សប្បុរស​ជនជាតិ​-​អន្តរជាតិ​នានា សូម​មេត្តា​បន្ត​កិច្ច​សហប្រតិបត្តិការ និង​ចូលរួម​គាំទ្រ​លើ​សកម្មភាព​បោស សម្អាត​មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយសារ​មីន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ ព្រះករុណា ព្រះមហាក្សត្រ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ដឹកនាំ​រៀបចំ​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​មីន បោសសម្អាត​ចម្ការ​មីន និង​គ្រាប់ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទះ និង​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដោយសារ​មីន​នៅ​កម្ពុជា ព្រមទាំង​ទទួល​បាន លទ្ធផល​ល្អ​ប្រសើរ ។

ទន្ទឹម​នេះ ព្រះ​អង្គ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន ដែល​បាន​រួបរួម​គ្នា​បំពេញបេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ជួយ​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជារាស្ត្រ​ឱ្យ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ដែល​បង្ក​ឡើង ដោយ​គ្រាប់​មីន និង​ទីតាំង​ដែល​មនុស្ស និង​សត្វ​អាច​ប្រឈម​គ្រោះថ្នាក់​ដោយសារ​មីន និង​បាន​យកចិត្តទុកដាក់​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន ឱ្យ​មាន​លទ្ធភាព​រស់នៅ​សមរម្យ​ក្នុង​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ