ទីក្រុងមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងប្រព័ន្ធអាវុធនុយក្លេអ៊ែរ ដែលរួមមានមីស៊ីលបាញ់ពីដីគោក នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែក គឺជាកិច្ចការអាទិភាពបំផុត ដើម្បីធានាសន្តិសុខជាតិ និងរក្សាស្ថិរភាពយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ។
ការប្រកាសនេះធ្វើឡើងក្នុងឱកាសទិវាអ្នកការពារមាតុភូមិ និងចំពេលដែលទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចកំពុងធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្រ ដែលតម្រូវឱ្យទីក្រុងមូស្គូបង្កើនសក្ដានុពលរារាំងសត្រូវមិនឱ្យហ៊ានរំលោភបំពាន។
តាមរយៈការប្ដេជ្ញាពន្លឿនការស្រាវជ្រាវអាវុធទំនើបៗ និងបង្កើនការត្រៀមលក្ខណៈប្រយុទ្ធក្នុងស្ថានភាពស្មុគស្មាញ រុស្ស៊ីចង់ផ្ញើសារព្រមានដល់ពិភពលោកថា ខ្លួននឹងមិនរាថយឡើយក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួនតាមរយៈខែលការពារនុយក្លេអ៊ែរដ៏រឹងមាំបំផុត៕


ចែករំលែកព័តមាននេះ