សុខភាព៖ យោងតាមការផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងមានជំនឿតៗគ្នាថា ទឹកត្រជាក់គឺជាប្រភពនៃជំងឺផ្សេងៗ និងព្យាយាមជៀសវាងវាមិនថាអាកាសធាតុក្តៅយ៉ាងណាក៏ដោយ។
ទោះជាយ៉ាងណា បើផ្អែកតាមការពិតផ្នែកវេជ្ជសាស្ត្រ ការផឹកទឹកត្រជាក់មិនមែនជាមូលហេតុបង្កឱ្យកើតមានក្រួសក្នុងតម្រងនោមនោះទេ ព្រោះជំងឺនេះកើតចេញពីការផឹកទឹកមិនគ្រប់គ្រាន់ និងរបបអាហារដែលលើសជាតិកាល់ស្យូម ឬអាស៊ីតអ៊ុយរិកតែប៉ុណ្ណោះ។ ចំពោះកង្វល់រឿងប្រព័ន្ធរំលាយអាហារវិញ ទឹកត្រជាក់ក៏មិនបានបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ ព្រោះនៅពេលទឹកចូលទៅក្នុងក្រពះ រាងកាយនឹងធ្វើការកែតម្រូវសីតុណ្ហភាពទឹកឱ្យមានតុល្យភាពជាមួយសីតុណ្ហភាពរាងកាយភ្លាមៗ ហើយដំណើរការនេះថែមទាំងជួយដុតបំផ្លាញកាឡូរីបានបន្តិចបន្តួចថែមទៀតផង។
ចំពោះមតិដែលលើកឡើងថា ស្ត្រីមិនគួរផឹកទឹកត្រជាក់អំឡុងពេលមករដូវ តាមពិតទៅវាមិនមែនបណ្តាលឱ្យមានភាពមិនប្រក្រតីដូចជាកំណកឈាម ឬការឈឺចាប់ខ្លាំងនោះទេ។ មូលហេតុចម្បងដែលគ្រូពេទ្យណែនាំឱ្យរក្សាសីតុណ្ហភាពរាងកាយឱ្យកក់ក្តៅ គឺដោយសារអំឡុងពេលនោះប្រព័ន្ធភាពស៊ាំរបស់ស្ត្រីមានការចុះខ្សោយ ដែលធ្វើឱ្យងាយនឹងទទួលរងការវាយប្រហារពីមេរោគ និងជំងឺផ្ដាសាយផ្សេងៗ។ ដូចគ្នានេះដែរ ការផឹកទឹកត្រជាក់មិនមែនជាមូលហេតុផ្ទាល់នៃជំងឺគ្រុនក្តៅឡើយ ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភពិតប្រាកដគឺ “ភាពស្អាតនៃទឹកកក” ដែលអាចផ្ទុកមេរោគបង្កឱ្យរាករូស ឬឆ្លងមេរោគក្នុងក្រពះ។
ជារួមមក ប្រសិនបើអ្នកមានសុខភាពមាំមួនធម្មតា ការទទួលទានទឹកត្រជាក់ដែលស្អាត និងមានអនាម័យគឺមិនមានគ្រោះថ្នាក់អ្វីឡើយ។ ប៉ុន្តែក្នុងករណីដែលអ្នកមានអារម្មណ៍ថា ចាប់ផ្ដើមឈឺបំពង់ក ឬមិនស្រួលខ្លួន ការប្តូរមកទទួលទានទឹកនៅសីតុណ្ហភាពបន្ទប់ ឬទឹកក្តៅឧណ្ហៗ គឺជាជម្រើសដ៏ល្អបំផុតដើម្បីជួយឱ្យរាងកាយឆាប់ងើបឡើងវិញ៕
ចែករំលែកព័តមាននេះ