ទីក្រុងឡាអេ៖ កាលពីមុននេះបន្តិច តុលាការព្រហ្មទណ្ឌអន្តរជាតិចាប់ផ្ដើមដំណើរការនីតិវិធីសាកសួរ និងស្ដាប់ការផ្ដល់សក្ខីកម្មពាក់ព័ន្ធនឹងអតីតប្រធានាធិបតីហ្វ៊ីលីពីន លោកឌូតឺតេ ដែលរងការចោទប្រកាន់ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ សំណុំរឿងនេះពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀននៅពេលលោកឌូតឺតេកាន់តំណែងប្រធានាធិបតី។ លោកឌូតឺតេខ្លួនលោកក៏បានទទួលស្គាល់ផងដែរក្រោយពេលចាប់ខ្លួនថាលោកជាអ្នកដឹកនាំ-បញ្ជាកងកម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាបគ្រឿងញៀន។ លោកថាលោកសុខចិត្តទទួលខុសត្រូវតែម្នាក់ឯង។

លោកឌូតឺតេសព្វថ្ងៃនេះមានវ័យកាន់តែចាស់ជរាណាស់ទៅហើយ (អាយុ៨០ឆ្នាំ)។ គាត់មិនបានចូលរួមដោយផ្ទាល់នៅក្នុងបន្ទប់សវនាការទេ។ រដ្ឋអាជ្ញាបានបង្ហាញភស្តុតាងជាច្រើនដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួនដែលថាលោកឌូតឺតេពាក់ព័ន្ធនឹងការសម្លាប់មនុស្សរាប់សិបនាក់នៅអំឡុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វ៊ីលីពីន។ ក្រុមសិទ្ធិមនុស្សអះអាងថាចំនួនអ្នកស្លាប់ពិតប្រាកដមានដល់រាប់ពាន់នាក់ឯណោះ។ ប៉ុន្តែរដ្ឋអាជ្ញាដាក់ជូនតុលាការនូវករណីចោទប្រកាន់ដែលមានទឡ្ហីករណ៍រឹងមាំតែប៉ុណ្ណោះ។

ការចោទប្រកាន់រយៈពេលបួនថ្ងៃនោះជាកត្តាកំណត់ថាតើរដ្ឋអាជ្ញាបានបញ្ជូនភស្តុតាងគ្រប់គ្រាន់ដែរឬទេដើម្បីឱ្យអង្គជំនុំជម្រះបើកសវនាការកាត់ទោសលោកឌូតឺតេជាផ្លូវការ។ បន្ទាប់ពីស្ដាប់ការផ្ដល់សក្ខីកម្មរួច អង្គជំនុំជម្រះមានពេល៦០ថ្ងៃដើម្បីរៀបចំសេចក្ដីសម្រេចចិត្ត។ សំណុំរឿងនេះធ្វើឱ្យអនាគតរបស់លោកឌូតឺតេប្រែក្លាយជាស្រអាប់ បាត់បង់កិត្តិយសនៅក្នុងដំណាក់កាលចុងក្រោយនៃជីវិត។ បើសិនទៅថ្ងៃមុខ តុលាការរកឃើញថាលោកមានទោសដូចការចោទប្រកាន់មែន លោកអាចនឹងត្រូវចំណាយជីវិតចុងក្រោយនៅក្នុងពន្ធនាគាររហូតដល់ថ្ងៃស្លាប់។

ក្រុមសិទ្ធិមនុស្សចាត់ទុកថាកិច្ចដំណើរការនីតិវិធីស្ដាប់ការបង្ហាញភស្តុតាងចោទប្រកាន់នៅថ្ងៃនេះគឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលមិនបានដឹងអ្វីសោះ ហើយត្រូវគេបាញ់សម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ ទន្ទឹមនឹងនោះ ក្រុមគ្រួសាររបស់ពួកគេក៏កំពុងដង្ហោយរកយុត្តិធម៌។ ពួកគេចាត់ទុកថានេះជាពេលវេលាដែលត្រូវលាតត្រដាងការពិត។

លោកឌូតឺតេកាន់អំណាចពីឆ្នាំ២០១៦-២០២២។ លោកត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនតាមយន្តហោះទៅប្រទេសហូឡង់ដើម្បីបង្ខាំងទុកនៅក្នុងបន្ទប់ឃុំឃាំងរង់ចាំការកាត់ទោស។ លោកតាមដានដំណើរការចោទប្រកាន់ជាលើកដំបូងពីបន្ទប់ឃុំឃាំងតាមប្រព័ន្ធវីឌីអូ។ នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនតុលាការកាលពីថ្ងៃអង្គារ លោកឌូតឺតេនៅតែប្រកាន់ជំហរម៉ឺងម៉ាត់ដដែលថាលោកមិនទទួលស្គាល់ថាតុលាការមានដែនសមត្ថកិច្ចកាត់ទោសលោកទេ។ ម៉្យាងទៀត លោកមានមោទកភាពចំពោះមត៌កនយោបាយរបស់លោក។

លោកចោទប្រកាន់ថាតុលាការឃុបឃិតគ្នាជាមួយប្រធានាធិបតីហ្វ៊ីលីពីន លោកម៉ាកូស ដើម្បីចាប់ជំរិតលោកទៅហូឡង់។ ប្រទេសហ្វ៊ីលីពីនបានចាកចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិតាំងពីឆ្នាំ២០១៩តបតាមការបញ្ជារបស់លោកឌូតឺតេ។ កាលនោះ អាយស៊ីស៊ីចង់បើកការស៊ើបអង្កេតសំណុំរឿងបង្ក្រាបគ្រឿងញៀន ខណៈដែលលោកឌូតឺតេចង់បិទខ្ទប់ការស៊ើបអង្កេត។ ដូច្នេះលោកក៏បញ្ជាឱ្យចាកចេញពីតុលាការ។ ទោះជាយ៉ាងណាក្ដី តុលាការអះអាងថាខ្លួននៅតែមានសិទ្ធិកាត់ទោសបទល្មើសដែលប្រព្រឹត្តឡើងចាប់ពីឆ្នាំ២០១១-២០១៩ដដែល៕ ប្រភព៖ អាល់ចាស៊ីរ៉ា (Al Jazeera) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ