ទីក្រុងកៀវ៖ នៅសល់ត្រឹមតែប៉ុន្មានសិបម៉ោងទៀតប៉ុណ្ណោះនឹងឈានដល់ថ្ងៃខួបទីបួនឆ្នាំនៃការផ្ទុះសង្គ្រាមអ៊ុយក្រែន។ ឆ្លៀតឱកាសនេះ យោធារុស្ស៊ីបានបើកការវាយប្រហារជាថ្មីទៅលើអ៊ុយក្រែនបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិចបួននាក់។ នៅតំបន់ភាគខាងត្បូង មនុស្ស២នាក់ស្លាប់នៅពេលដ្រូនរបស់រុស្ស៊ីវាយប្រហារទីតាំងឧស្សាហកម្ម, ទីតាំងផលិតថាមពល និងលំនៅដ្ឋានរបស់ជនស៊ីវិលនៅតំបន់អេដេសា (Odesa)។ នេះបើយោងតាមអភិបាលតំបន់នេះគឺលោកអូឡេ ឃីបផឺ (Oleh Kiper) បង្ហោះសារនៅលើតេឡេក្រាម។

លោកឃីបផឺសរសេររៀបរាប់បន្តទៀតថាការវាយប្រហារលើកនេះក៏បានបង្កការខូចខាតផងដែរទៅលើទីតាំងផលិត និងដេប៉ូដាក់ឥវ៉ាន់, អគាររដ្ឋបាល, ការ៉ាស់លក់ឡាន និងយានជំនិះជាច្រើនគ្រឿង។ ដ្រូនមួយគ្រឿងវាយប្រហារអគារស្នាក់នៅរបស់ប្រជាជនមានច្រើនជាន់ ប៉ុន្តែសំណាងល្អមិនគ្រាប់បែកមិនបានផ្ទុះឡើយ។ ចំណែកអគ្គិភ័យដែលបានឆាបឆេះកាលពីមុននេះត្រូវបានពន្លត់អស់ហើយ។ ប៉ុន្តែភ្នាក់ងារជួយសង្គ្រោះ និងមន្ត្រីសាលាក្រុងនៅតែបន្តឃ្លាំមើលកន្លែងកើតហេតុដើម្បីរង់ចាំជួយដោះស្រាយបញ្ហា។

នៅតំបន់ហ្សាប៉ូរីហ្សៀ រុស្ស៊ីវាយប្រហារជាង៧៥០ករណីទៅលើទីតាំង៤៤កន្លែង បណ្ដាលឱ្យស្លាប់មនុស្ស២នាក់។ នេះបើយោងតាមអភិបាលតំបន់ខាងលើ លោកអ៊ីវ៉ាន់ ហ្វេដូរ៉ូស (Ivan Fedorov)។ នៅភាគខាងជើង មីស៊ីលមួយគ្រាប់វាយប្រហារស្រុកមួយកន្លែងនៃតំបន់ខាគីវ។ អភិបាលក្រុងខាគីវ លោកអ៊ីហ័រ តេរ៉េកូស (Ihor Terekhov) មិនបានបញ្ជាក់ថាការវាយប្រហារនោះបណ្ដាលឱ្យស្លាប់ ឬរបួសប៉ុន្មាននាក់ទេ។

កាលពីយប់មិញ អ៊ុយក្រែនអះអាងថាយោធារបស់ខ្លួនបាញ់ធ្លាក់ដ្រូនរបស់រុស្ស៊ី១០៥គ្រឿង។ អ៊ុយក្រែនក៏វាយប្រហាររុស្ស៊ីវិញដែរ។ រុស្ស៊ីថាខ្លួនបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន១៥២គ្រឿង។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត សហភាពអឺរ៉ុបកោះប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ខ្លួននៅទីក្រុងប្រ៊ុចសែលដើម្បីពិគ្រោះគ្នាអំពីការផ្ដល់ប្រាក់កម្ចីសម្រាប់អ៊ុយក្រែន និងអំពីគម្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ីលើកទីម្ភៃ៕ ប្រភព៖ អាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ