ទីក្រុងប៉េកាំង៖ ចិនជំរុញឱ្យអាមេរិកលុបចោលការដំឡើងពន្ធជាឯកតោភាគីដែលប្រកាសដោយលោកដូណាល់ត្រាំ។ ការជំរុញនេះកើតឡើងបន្ទាប់ពីតុលាការកំពូលអាមេរិកចេញសេចក្ដីសម្រេចមួយច្រានចោលការដំឡើងពន្ធរបស់លោក។ ក្រោយការសម្រេចនេះ លោកត្រាំប្រកាសកំណត់ពន្ធគយ១០%លើប្រទេសទាំងអស់ និងក្រោយមកដំឡើងដល់១៥%ដែលជាកម្រិតអតិបរមាកំណត់ដោយច្បាប់។ មានន័យថាមិនអាចដំឡើងលើសនេះទៀតទេ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន តុលាការបានបោះឆ្នោតអនុម័តដោយសំឡេង៦ទល់នឹង៣ដើម្បីកំណត់ថាលោកត្រាំសំអាងទៅលើច្បាប់ឆ្នាំ១៩៧៧ ហើយដំឡើងពន្ធគយស្រេចតែនឹងចិត្តនោះមិនមែនជារឿងត្រឹមត្រូវទេ។ លោកត្រាំផ្ទុះកំហឹងយ៉ាងខ្លាំងនឹងសេចក្ដីសម្រេចនេះ។ ថ្ងៃនេះ ក្រសួងពាណិជ្ជកម្មចិនប្រកាសថាខ្លួននឹងវាយតម្លៃដ៏ទូលំទូលាយមួយដើម្បីចង់ដឹងថាតើសេចក្ដីសម្រេចរបស់តុលាការនឹងជះឥទ្ធិពលកម្រិតណា។ ជាបឋម ចិនសូមអំពាវនាវឱ្យអាមេរិកលុបចោលការដំឡើងពន្ធ។

ក្រសួងដដែលនេះថ្លែងបន្តទៀតថាខ្លួនសូមជំរុញឱ្យអាមេរិកលុបចោលវិធានការដំឡើងពន្ធគយជាឯកតោភាគីនោះ។ ចិនយល់ថានៅក្នុងសង្គ្រាមពាណិជ្ជកម្មគ្មានភាគីណាអាចទទួលបានជ័យជម្នះជាដាច់ខាត។ នយោបាយគាំពារនិយមសេដ្ឋកិច្ចមិនអាចធ្វើឱ្យរីកចម្រើនបានឡើយ។ អត្រាពន្ធគយ១៥%ដែលលោកត្រាំកំណត់ទៅលើមុខទំនិញទូទាំងសាកលលោកនោះនឹងអនុវត្តចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះតទៅមានសុពលភាព១៥០ថ្ងៃ។ មុខទំនិញខ្លះអាចនឹងកំណត់ពន្ធតិចជាង១៥%។

ក្រសួងការបរទេសចិនថ្លែងថាខ្លួនកំពុងរង់ចាំមើលដើម្បីចង់ដឹងថាក្រោយពេលតុលាការកំពូលអាមេរិកបដិសេធវិធានការដំឡើងពន្ធរបស់លោកត្រាំរួចហើយ តើអាមេរិកនៅតែដំឡើងពន្ធទៀតទេ។ ប្រទេសចិននឹងបន្តតាមដានបញ្ហានេះដោយយកចិត្តទុកដាក់ ហើយនឹងប្ដេជ្ញាការពារផលប្រយោជន៍ជាតិរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់បំផុត។ ប្រទេសចិនព្រមានដូច្នេះត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនពេលលោកត្រាំបំពេញទស្សនកិច្ចនៅប្រទេសចិននាខែមេសាខាងមុខនេះ។

មន្ត្រីរដ្ឋាភិបាលអាមេរិកទទួលបន្ទុកខាងពាណិជ្ជកម្មបញ្ជាក់ថាគម្រោងជួបគ្នាកម្រិតកំពូលរវាងលោកត្រាំ និងលោកស៊ីជីនពីងនោះមិនមែនជាការច្បាំងគ្នានៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ។ ករណីដែលតុលាការចេញសេចក្ដីសម្រេចនោះគឺជាសំណើចចម្អកគួរឱ្យអាម៉ាស់សម្រាប់លោកត្រាំព្រោះចាប់តាំងពីលោកឡើងកាន់អំណាចនៅអាណត្តិទី២នេះ តុលាការតែងតែឈរនៅខាងលោកជានិច្ច៕ ប្រភព៖ ឆនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ