ខេត្តក្រចេះ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធក្នុងប្រតិបត្តិការចុះអនុវត្តដីកាតុលាការរបស់កម្លាំងនគរបាលខេត្ត និងក្រុងក្រចេះ ពាក់ព័ន្ធនឹងមុខសញ្ញាជួញដូរគ្រឿងញៀន ។ ទោះជាយ៉ាងណា ជុំវិញករណីនេះមានការឆ្លើយតបខុសគ្នា ដោយខាងសមត្ថកិច្ចអះអាងថា ជាការបង្ក្រាបបក្សពួកជនសង្ស័យ ចំណែកក្រុមគ្រួសារអះអាងថា ជាការបាញ់សម្លាប់មនុស្សស្អាតស្អំ ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៦ ស្ថិតនៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដន ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងករណីគ្រឿងញៀន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានរៀបរាប់ថា គេឃើញកម្លាំងនគរបាលប្រើប្រាស់រថ
យន្តចំនួន ២គ្រឿង បានធ្វើសកម្មភាពចុះមកដល់ផ្ទះជនសង្ស័យ ។ នៅពេលនោះជនសង្ស័យ
ឈ្មោះ ដន បានព្យាយាមរត់គេចខ្លួន ហើយសមត្ថកិច្ចក៏បានដេញតាម និងបាញ់គំរាមឱ្យឈប់ ។ភ្លាមៗនោះ ស្រាប់តែមានសំឡេងស្រែកថា «បាញ់ៗ» ហើយបុរសម្នាក់ដែលត្រូវជាក្មួយជនសង្ស័យបានបើកទ្វារចេញមកក៏ត្រូវគ្រាប់កាំភ្លើងចំដើមទ្រូងបណ្តាលឱ្យដួលស្លាប់ក្នុងថ្លុកឈាមតែម្តង ។
តាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ឈ្មោះ ថា មករា អាយុ ២៧ឆ្នាំ ។ ពួក
គាត់បានបង្ហាញការប្រតិកម្មយ៉ាងខ្លាំង និងបានរៀបរាប់ទាំងក្តុកក្តួលថា ជនរងគ្រោះជាមនុស្សស្អាតស្អំ និងគ្មានកំហុស ។ ពួកគាត់បន្តថា បន្ទាប់ពីមានការផ្ទុះអាវុធ ពួកគាត់បានឆែកឆេរហោប៉ៅសពក្រៅតែពីទូរស័ព្ទ និងកាសប្លូធូកាបូបលុយឃើញថា គ្មានអ្វីទាំងអស់ ។ ប៉ុន្តែនៅពេលដឹកសពទៅដល់មន្ទីរពេទ្យ សមត្ថកិច្ចបានដេញក្រុមគ្រួសារចេញពីក្រៅរថយន្ត រួចបញ្ចូលសពទៅក្នុងបន្ទប់ ស្រាប់តែក្រោយមកឃើញមានគ្រឿងញៀននៅក្នុងហោប៉ៅសពទៅវិញ ។
ជុំវិញករណីនេះ លោក ហ៊ន ប៉ូច អ្នកនាំពាក្យ និងជាស្នងការរងនគរបាលខេត្តក្រចេះ បានបញ្ជាក់យ៉ាងខ្លីថា បុរសដែលស្លាប់ក្នុងហេតុការណ៍ខាងលើ គឺជាបក្សពួករបស់ជនសង្ស័យ ។ លោកបានបន្តថា បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តនីតិវិធី ។ គួរបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យមេក្លោងឈ្មោះ ដន បានផងដែរ បន្ទាប់ពីមានព័ត៌មានថាជនរូបនេះមានអាវុធ ៕





ចែករំលែកព័តមាននេះ