រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមរក្សាតម្លៃជំនឿ សាសនា និងរបៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់គ្រប់អ្នកសិល្បៈ និងអ្នករៀបចំពិធី ព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាននូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ។

យោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៦ ថា ក្នុងរយៈពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ពិសេស សកម្មភាពក្នុងពិធីបុកល័ក្ត ដោយមានការប្រើពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់ សាសនាឥស្លាមផង ។
ពិធីបុកល័ក្ត ជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានស្គាល់ថា ជាពិធី «ធ្វើធ្មេញ ឬធ្វើធ្មេញ បំពេញល័ក្ត ឬបុកល័ក្ត» ឬតំបន់ខ្លះហៅថា «ធ្វើធ្មេញលេញល័ក្ត ឬកោសធ្មេញក៏មាន។ ពិធីនេះជាទំនៀមទម្លាប់តាមតំបន់ ឬប្រារព្ធតាមលទ្ធភាពសាមីពិធី ក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែម ល្វីង ជូរ ចត់ ហិរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ត ។
តាមទំនៀមទម្លាប់ ក្នុងពិធីបុកល័ក្តតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬសាសនានោះឡើយ ។ នៅតំបន់ខ្លះ តែងធ្វើពិធីនេះ ដោយមានការសម្តែងវែងឆ្ងាយពីដំណើរទៅរកល័ក្ត និងគ្រឿងថ្នាំ ដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គ ។ រីឯការសម្តែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្ត ដោយជួបជាតិសាសន៍ផ្សេងៗ ដូចជា ចិន ចាម្ប៉ា ជនជាតិដើមភាគតិច ជាដើម។ល។ ក្នុងការអនុវត្តជាក់ស្តែង ពិធីនេះ អាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា ។
ទោះជាពិធីនេះ ស្ថិតក្រោមទម្រង់ណាមួយក៏ដោយ ក៏ក្នុងន័យដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និងរបៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា«សូមអំពាវនាវដល់គ្រប់អ្នកសិល្បៈ និងអ្នករៀបចំពិធី សូមព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាននូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេស ការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមថា ការចូលរួមគោរព និងអនុវត្តដោយទឹកចិត្តស្រឡាញ់ការពារ នឹងធ្វើឱ្យវប្បធម៌ប្រពៃណីជាតិកាន់តែរុងរឿង និងគង់វង្ស ៕
ចែករំលែកព័តមាននេះ