ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​ផ្ទុះ​ឡើង​នៅ​ម៉ិ​ក​ស៊ិ​ក បន្ទាប់​ពី​មេក្រុម​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់​ត្រូវ​បាន​សម្លា.ប់​ក្នុង​ប្រតិ​បត្តិការ​យោធា

38 វិនាទី មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ខ្លះ​នៃ​ភាគ​ខាងលិច​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃអាទិត្យ (​ម៉ោង​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​) អំឡុង​ពេល​ប្រតិបត្តិការ​យោធា​មួយ ដែល​នាំ​ឱ្យ​មានការ​ស្លាប់​មេដឹកនាំ​ក្រុម​ជួញដូរ​គ្រឿងញៀន Jalisco New Generation…

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ខ្លះ​នៃ​ភាគ​ខាងលិច​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃអាទិត្យ (​ម៉ោង​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​) អំឡុង​ពេល​ប្រតិបត្តិការ​យោធា​មួយ ដែល​នាំ​ឱ្យ​មានការ​ស្លាប់​មេដឹកនាំ​ក្រុម​ជួញដូរ​គ្រឿងញៀន Jalisco New Generation Cartel ឬ CJNG ដែល​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​តំបន់​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន CBS News, CNN និង Reuters បាន​ចេញផ្សាយ​។

ក្រសួងការពារជាតិ​ម៉ិ​ក​ស៊ិ​កបាន​អះអាង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម X ថា កងកម្លាំង​សន្តិសុខ​របស់​ម៉ិ​ក​ស៊ិ​កបាន​សម្លាប់ លោក Nemesio Rubén Oseguera Cervantes ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា «El Mencho» អំឡុង​ពេល​ប្រតិបត្តិការ​មួយ​នៅ​រដ្ឋ​ហា​លី​ស្គោ (Jalisco) ភាគ​ខាងលិច​ប្រទេស​។ ក្រសួង បញ្ជាក់​ថា Oseguera បាន​រង​របួស​ធ្ងន់ធ្ងរ អំឡុង​ការ​វាយឆ្មក់​មួយ​ក្នុង​ទីក្រុង​តា​ប៉ា​ល់​ប៉ា (Tapalpa) ហើយ​បាន​ស្លាប់​ខណៈ​ពេល​កំពុង​តែ​បញ្ជូន​ខ្លួន​តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង​ម៉ិ​ក​ស៊ិ​ក (Mexico City)​។

អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ក្នុង​រដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក បន្ទាប់​ពី​កម្លាំង​សន្តិសុខ​មក​ពី​សាខា​សហព័ន្ធ​ជា​ច្រើន​នៃ​យោធា​ម៉ិ​ក​ស៊ិ​កបាន​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទីក្រុង​តា​ប៉ា​ល់​ប៉ា នៃ​រដ្ឋ​ហា​លី​ស្គោ​ភាគ​ខាងលិច​។ មន្ត្រី​អះអាង​ថា បណ្តា​សមាជិក​ដែល​សង្ស័យ​ថា​ជា​ពួក​ឧក្រិដ្ឋជន​បាន​ចេញ​សកម្ម​ភាព​ដោយ​ហិង្សា​បន្ទាប់​ពី​ប្រតិបត្តិការ​នោះ ដោយ​បាន​ដុត​ឡាន ឡានក្រុង និង​ទីតាំង​លក់ដូរ​ជា​ច្រើន​កន្លែង ខណៈ​ពេល​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​។

ក្រសួងការបរទេស​អា​មេ​រិ​កបាន​ជំរុញ​ឱ្យ​ជនជាតិ​អា​មេ​រិ​ក​ក្នុង​តំបន់​ខ្លះ​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ស្វែងរក​ជម្រក​សុវត្ថិភាព និង​ស្នាក់​នៅ​ក្នុង​លំនៅ​ដ្ឋា​ន ឬ​សណ្ឋាគារ​រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​។

ជាមួយ​គ្នា​នោះ​ដែរ លេខាធិការដ្ឋាន​ការពារ​ជាតិ​របស់​ម៉ិ​ក​ស៊ិ​ក​អះអាង​ថា អាជ្ញាធរ​អា​មេ​រិ​កបាន​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ការ​គាំទ្រ​ក្នុង​ប្រតិបត្តិការ​នេះ​។ ស្រប​ពេល​មន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​កម្នា​ក់បាន​ប្រាប់ CBS News ថា យោធា​អា​មេ​រិ​កបាន​ដើរតួ​នាទី​ក្នុង​ប្រតិបត្តិការ​តាម​រយៈ​ក្រុមការងារ​អន្តរ​ភ្នាក់ងារ​ចម្រុះ​-​ប្រឆាំង​នឹង​ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​ធ្វើការ​ជា​ប្រចាំ​ជាមួយ​យោធា​ម៉ិ​ក​ស៊ិ​កតាម​រយៈ​បញ្ជាការ​ភាគ​ខាងជើង​អា​មេ​រិ​ក​។ មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ​បាន​សង្កត់ធ្ងន់​ថា នេះ​ជា​ប្រតិបត្តិការ​យោធា​ម៉ិ​ក​ស៊ិ​ក ដូច្នេះ​ភាព​ជោគជ័យ​គឺជា​របស់​ពួក​គេ​។

ក្រសួងការពារជាតិ​ម៉ិ​ក​ស៊ិ​កបាន​រាយការណ៍​ថា អំឡុង​ពេល​ការ​វាយឆ្មក់​នោះ សមាជិក CJNG បាន​បាញ់​តដៃ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល ដែល​បណ្តាល​ឱ្យ​សមាជិក​ក្រុម​ឧក្រិដ្ឋជន ៤ នាក់​ត្រូវ​បាន​សម្លាប់​នៅ​កន្លែង​កើតហេតុ​។ យោង​តាម​ក្រសួង Osegeura និង​បក្ខពួក ២ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ពេល​កំពុង​បញ្ជូន​តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង​ម៉ិ​ក​ស៊ិ​ក​។ បុគ្គលិក​យោធា​ម៉ិ​ក​ស៊ិ​ក ៣ នាក់​ក៏​រង​របួស​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ព្យាបាល​។

រដ្ឋ​ហា​លី​ស្គោ​គឺជា​មូលដ្ឋាន​របស់​ក្រុម CJNG ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​សម្រាប់​ការ​ជួញដូរ​ថ្នាំ​ញៀន Fentanyl និង​គ្រឿងញៀន​ដទៃ​ទៀត​នៅ​ក្នុង​បរិមាណ​ច្រើន​ទៅ​កាន់​សហរដ្ឋអាមេរិក​។ ដ្បិត​អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក Christopher Landau បាន​បញ្ជាក់​ពី​ការ​ស្លាប់​មេដឹកនាំ​ក្រុម​មួយ​នេះ ដោយ​បាន​សរសេរ​លើ​បណ្ត​ញ​សង្គម X ថា Osegeura គឺជា​មេ​ក្លោ​ង​គ្រឿងញៀន​បង្ហូរឈាម និង​ឃោរឃៅ​បំផុត​ម្នាក់​។ នេះ​គឺជា​កា​រវិ​វ​ឌ្ឍ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ម៉ិ​ក​ស៊ិ​ក សហរដ្ឋអាមេរិក អា​មេ​រិ​កឡា​ទី​ន ក៏​ដូច​ជា​ពិភពលោក​។ ចំណែក​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោកស្រី Claudia Sheinbaum បាន​សរសើរ​ការងារ​របស់​ភ្នាក់ងារ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ