ទីក្រុងបាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាំម៉ាត់ ស៊ីអា អាល់ស៊ូដានី កាលពីថ្ងៃអាទិត្យ បានជួបពិភាក្សាជាមួយប្រេសិតពិសេសសហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការស៊ីរី លោក ថម បារ៉ាក់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀតចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មានលោក អាល់ស៊ូដានី ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើការទប់ស្កាត់ការកើនឡើងនៃជម្លោះក្នុងតំបន់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់កិច្ចសន្ទនា និងបណ្តាញការទូតដើម្បីដោះស្រាយវិវាទ។ លោក អាល់ស៊ូដានី បានសង្កត់ធ្ងន់លើតម្រូវការ «ដើម្បីទប់ស្កាត់ការឈ្លានពាន និងការរំលោភបំពានលើអធិបតេយ្យភាពរបស់បណ្តាប្រទេស និងប្រជាជននៅក្នុងតំបន់»។ ក្រៅពីនេះ កិច្ចពិភាក្សាក៏បានផ្តោតសំខាន់លើកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីផងដែរ។
ចំណែកលោក បារ៉ាក់ វិញ បានលើកឡើងពីសារៈសំខាន់នៃតួនាទីរបស់អ៊ីរ៉ាក់ ក្នុងការជំរុញដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងតំបន់ ការកាត់បន្ថយភាពតានតឹង ការគាំទ្រកិច្ចសន្ទនា និងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។
ភាពតានតឹងកំពុងកើនឡើងយ៉ាងខ្លាំងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ខណៈដែលអាម៉េរិកបានដាក់ពង្រាយកម្លាំងយោធាយ៉ាងសន្ធឹកសន្ធាប់នៅក្បែរប្រទេសអ៊ីរ៉ង់។ កាលពីខែមុន អ៊ីរ៉ាក់បានប្រកាសថា ខ្លួនបដិសេធមិនឱ្យប្រើប្រាស់ទឹកដី និងដែនអាកាសរបស់ខ្លួន ដើម្បីធ្វើការវាយប្រហារលើប្រទេសណាមួយឡើយ៕
ចែករំលែកព័តមាននេះ