ទីក្រុងសេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញមុខតវ៉ាយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យជប៉ុនបញ្ឈប់ការទាមទារដែនដីដែលគ្មានមូលដ្ឋានលើកោះដុកដូ ជាបន្ទាន់ បន្ទាប់ពីអាជ្ញាធរជប៉ុនបានបន្តប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំ “ទិវាតាកេស៊ីម៉ា” ដែលទីក្រុងសេអ៊ូលចាត់ទុកថាជាការរំលោភបំពានបូរណភាពទឹកដីរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀតចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈនេះ។
វិវាទដណ្ដើមកោះថ្មនេះគឺជាដំបៅប្រវត្តិសាស្ត្រដ៏រ៉ាំរ៉ៃដែលបន្សល់ទុកតាំងពីសម័យអាណានិគមជប៉ុនត្រួតត្រាឧបទ្វីបកូរ៉េ (១៩១០-១៩៤៥) ដោយប្រជាជនកូរ៉េខាងត្បូងយល់ថា ការទាមទាររបស់ជប៉ុនគឺជាការមិនទទួលស្គាល់កំហុសអតីតកាល។
ទោះបីជាបច្ចុប្បន្នកូរ៉េខាងត្បូងជាអ្នកគ្រប់គ្រង និងដាក់ពង្រាយកម្លាំងការពារលើកោះនេះជាក់ស្ដែងក៏ដោយ ប៉ុន្តែការប្រកាន់ជំហររៀងៗខ្លួនរបស់មហាអំណាចអាស៊ីទាំងពីរលើបញ្ហាដែនដី និងប្រវត្តិសាស្ត្រ នៅតែជាឧបសគ្គរារាំងដល់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យមានភាពរលូន៕


ចែករំលែកព័តមាននេះ