ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ​អំពាវនាវ​ឱ្យ​មានការ​អនុវត្ត​យ៉ាង ពេញលេញ និង​ដោយ​ស្មោះត្រង់​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ រវាង​កម្ពុជា​-​ថៃ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទឹកដី​សហរដ្ឋអាមេរិក សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​មានការ​អនុវត្ត​យ៉ាង​ពេញលេញ និង​ដោយ​ស្មោះត្រង់​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​កម្ពុជា​-​ថៃ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​នៅ​យប់…

រាជធានី​ភ្នំពេញ ៖ នៅ​ទឹកដី​សហរដ្ឋអាមេរិក សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​មានការ​អនុវត្ត​យ៉ាង​ពេញលេញ និង​ដោយ​ស្មោះត្រង់​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​កម្ពុជា​-​ថៃ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​នៅ​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ ។


\
ក្រសួង​ការ​បទេស​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ រដ្ឋធានី​វ៉ា​ស៊ី​ន​តោន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម «​កិច្ចប្រជុំ​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិ​ភា​» ក្រោម​អធិបតីភាព​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិភាព ។ កិច្ចប្រជុំ​លើក​ដំបូង​នេះ គឺជា​ការ​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​អាណត្តិ​របស់​ក្រុមប្រឹក្សា​សន្តិភាព​ក្នុង​ការ ស្តារ​សន្តិភាព និង​កៀរគរ​ការ​កសាង​ឡើង​វិញ​គ្រប់​ជ្រុងជ្រោយ​នៅ​តំបន់​ហ្គា​ហ្សា ។ ក្នុង​អំឡុង​កិច្ចប្រជុំ ក្រុមប្រឹក្សា​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​លេខ ២០២៦/០២ (BOP/RES/ 2026/2) ដែល​បង្កើត ក្រប​ខណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​ប្រតិបត្តិការ​ការងារ ។ ក្រុមប្រឹក្សា​បាន​សម្រេច​ថា សកម្មភាព​របស់​ក្រុម ប្រឹក្សា​នឹង​ត្រូវ​គាំទ្រ​ដោយ​វិភាគទាន​ស្ម័គ្រចិត្ត​របស់​ប្រទេស​សមាជិក ប្រទេស​ដទៃ​ទៀត អង្គការ និង​ប្រភព​បន្ថែម​ផ្សេង​ទៀត ។

ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ពី​ការ​ចូលរួម​វិភាគទាន​របស់ សហរដ្ឋអាមេរិក​ចំនួន​១០ ប៊ី​លាន​ដុល្លារ​អាម​រិ​ក​សម្រាប់​ក្រុមប្រឹក្សា​នេះ​។ ប្រទេស​សមាជិក​ដទៃ​ទៀត បាន​សន្យា​ចូលរួម​វិភាគទាន​ជាង ៧ ប៊ី​លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ការ​កសាង​ឡើង​វិញ និង​ជំនួយ មនុស្សធម៌​នៅ​តំបន់​ហ្គា​ហ្សា​។ ប្រទេស​សមាជិក​មួយ​ចំនួន​ទៀត​បាន​ប្តេជ្ញា​បញ្ជូន​កម្លាំងយោធា​ចូលរួម ក្នុង​កងកម្លាំង​រក្សា​ស្ថិរភាព​អន្តរជាតិ (International Stabilization Force -ISF) នៅ​តំបន់​ហ្គា​ហ្សា ។ ស្រប​ពេល​នឹង​កិច្ចប្រជុំ​ខាងលើ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ជាមួយ ឯកឧត្តម Viktor Orbán នាយក​រដ្ឋមន្ត្រី​ហុង​គ្រី​លើ​បញ្ហា​ដែល​ជា​ចំណាប់អារម្មណ៍​រួម ។ ភាគី​ទាំង​ពីរ​បាន គូសបញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​ឈាន​ដល់​កម្រិត​ថ្មី ជា​ពិសេស ខណៈ​កម្ពុជា និង​ហុង​គ្រី​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​នៅ ឆ្នាំ​នេះ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម Prabowo Subianto ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី ឯកឧត្តម តូ ឡាំ អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ។ ក្នុង​អំឡុង​ស្នាក់​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ជួប​ពិភាក្សា​ការងារ ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​នៃ​រដ្ឋបាល​សហរដ្ឋអាមេរិក​មួយ​ចំនួន ។ ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​អគ្គរដ្ឋទូត Jamieson Greer តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក (US Trade Representative) ឯកឧត្តម អគ្គរដ្ឋទូត Greer បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង ទ្វេភាគី​កម្ពុជា​-​អាម៉េរិក​ឱ្យ​កាន់តែ​រីក​ចម្រើន​ជា​លំដាប់ ជា​ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដែល​ពាណិជ្ជកម្ម ទ្វេភាគី​បាន​កើន​ដល់​២៩% នៅ​ឆ្នាំ​២០២៥ ហើយ​ការ​វិនិយោគ​របស់​សហរដ្ឋ​អាម៉េរិក​នៅ​កម្ពុជា​ក៏​មាន ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។

ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម Christoper Landau អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក ភាគី​ទាំង​ពីរ​បាន​ស្វាគមន៍​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​បាន​ពិភាក្សា​លើ​បញ្ហា​ដែល​ជា ចំណាប់អារម្មណ៍​រួម រួម​មានការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ការ​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​ការពារ​ជាតិ និង​សន្តិសុខ និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ ។ ឯកឧត្តម Christoper Landau បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​សម្រេចចិត្ត​របស់​កម្ពុជា ចូលរួម​ជា​សមាជិក ស្ថាបនិក​នៃ​ក្រុមប្រឹក្សា​សន្តិភាព និង​ការ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ ក្នុង​ការ​លើកកម្ពស់​សន្តិភាព​នៅ​តំបន់​ហ្គា​ហ្សា និង​តំបន់​ដទៃ​ទៀត​។

ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​សហរដ្ឋ​អាម៉េរិក និង​ឯកឧត្តម Andrew Collison Baker អនុ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក ភាគី​ទាំង​ពីរ​បាន កត់សម្គាល់​ពី​ដំណើរ​វិជ្ជមាន​នៃ​ទំនាក់ទំនង​ទ្វេភាគី ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​កាលពី ពេល​ថ្មី​ៗ​នេះ​របស់​នាយ​ឧត្តមនាវី Samuel Paparo មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក ទស្សនកិច្ច​របស់​នាវា USS Cincinnati នៅ​មូលដ្ឋាន​សមុទ្រ​រាម និង​ការ​លុប​ចោល​បម្រាម​លក់​សព្វាវុធ ដល់​កម្ពុជា ។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​រិះរក​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត រួម​ទាំង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ និង​ការ​រៀបចំ​សមយុទ្ធ​យោធា​រួម​គ្នា​ឡើង​វិញ ជា​ពិសេស​សមយុទ្ធ​ឆ្នាំ​អង្គរ​នៅ​ចុងឆ្នាំ​២០២៦ ឬ​ដើមឆ្នាំ​២០២៧ ។

បន្ថែម​លើ​នេះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ជំនួប​សម្តែង​ការ​គួរសម​ពី​ឯកឧត្តម Hakan Fidan រដ្ឋមន្ត្រី​ការ​បរទេស​សាធារណរដ្ឋ​តួ​ក​គី​យ៉េ​។ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា ដែល​ជា​ចំណាប់អារម្មណ៍​រួម និង​បាន​ពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ វិស័យ​នានា ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាជន និង​ប្រជាជាតិ​ទាំង​ពីរ ។ ភាគី​ទាំង​ពីរ​បាន​សម្តែង​ការ ពេញចិត្ត​ចំពោះ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ទទួល​ជំនួប​សម្តែង​ការ​គួរសម​ពី​តំណាង​ស្ថាប័ន​អន្តរជាតិ រួម​មាន Atlantic Council ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ Jim Jones និង​ឯកឧត្តម Federick Kempe ប្រធាន និង​ជានា​យក​ប្រតិបត្តិ​នៃ Atlantic Council ។ បន្ថែម​លើ​នេះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន ផ្តល់​បទ​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​អន្តរជាតិ​ល្បី​ៗ រួម​មាន Reuters និង Fox News ។ នៅ​ក្នុង​ជំនួប​ខាងលើ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាប​ជូន​សម​ភាគី អំពី​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ ដោយ​បាន​សង្កត់ធ្ងន់​ថា សន្តិភាព​នៅ​តែ​ជា​គុណ តម្លៃ​ស្នូល​របស់​កម្ពុជា​។

ក្នុង​ន័យ​នេះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​មានការ​អនុវត្ត​យ៉ាង ពេញលេញ និង​ដោយ​ស្មោះត្រង់​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ រវាង​កម្ពុជា​-​ថៃ ការ​ដោះស្រាយ ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​សន្ធិសញ្ញា កិច្ចព្រមព្រៀង ដែល​មាន​ស្រាប់ ការ​វិល​ត្រឡប់​របស់​ប្រជាជន​ស៊ី​វិល​ទៅ​ផ្ទះសម្បែង និង​រស់នៅ​ដោយ​សុវត្ថិភាព និង​ការ​មិន​គំរាម ឬ​ប្រើប្រាស់​កម្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ