ទីក្រុងវ៉ាស៊ីនតោន៖ អតីតភ្នាក់ងារសម្ងាត់ស៊ីអាយអេរបស់អាមេរិក លោកចន គីរីយ៉ាគុ (John Kiriakou) ថ្លែងថាយោធាអាមេរិកអាចនឹងចាប់ផ្ដើមវាយប្រហារអ៊ីរ៉ង់នៅថ្ងៃចន្ទ ឬថ្ងៃអង្គារ។ លោកនិយាយនេះដោយយោងទៅលើមន្ត្រីនៅសេតវិមានដែលជាមិត្តភក្ដិរបស់លោកលួចបង្ហើបប្រាប់។ លោកគីរីយ៉ាគុជាអតីតមន្ត្រីធ្វើការផ្នែកប្រឆាំងភេរវកម្មរបស់ទីភ្នាក់ងារសម្ងាត់ស៊ីអាយអេ។

លោកធ្លាប់ជាប់ពន្ធនាគារពីបទទម្លាយអាថ៌កំបាំងរបស់ស៊ីអាយអេដែលសួរចម្លើយជនសង្ស័យដោយប្រើប្រាស់ទឹកចាក់ពីលើមុខដើម្បីឱ្យថប់ដង្ហើម និងមួយករណីទៀតជាប់ពន្ធនាគារពីបទបញ្ចេញអត្តសញ្ញាណរបស់ភ្នាក់ងារសម្ងាត់ម្នាក់។ ចាប់តាំងពីពេលនោះមក គាត់ហាក់ដូចជាមានគំនុំនៅក្នុងចិត្ត និងដើររិះគន់វាយប្រហារទៅលើនយោបាយការបរទេសរបស់អាមេរិកដែលលោកយល់ថាជានយោបាយអន្តរាគមន៍និយម។

លោកគីរីយ៉ាគុចាត់ទុកថាលោកត្រាំដាក់ឱសានវាទ១០ថ្ងៃឱ្យអ៊ីរ៉ង់ចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើមិនដូច្នេះទេ យោធាអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់នោះ គឺជាការទាមទារឱ្យអ៊ីរ៉ង់ធ្វើតាមលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន។ ក្នុងនោះមានការទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ និងឈប់ផ្ដល់ហិរញ្ញប្បទានសម្រាប់ចលនាប្រដាប់អាវុធនៅមជ្ឈិមបូព៌ា។

អតីតភ្នាក់ងារស៊ីអាយអេរូបនេះយល់ថានៅក្នុងជួររដ្ឋាភិបាលអាមេរិកសព្វថ្ងៃនេះមានការបែងចែកគ្នាជាបក្សជាពួក។ មួយក្រុមដឹកនាំដោយអនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance), លោកធុលស៊ី ហ្កាប់បាត (Tulsi Gabbard) និងនាយកភ្នាក់ងារចារកម្មជាតិ។ ក្រុមនេះប្រឆាំងនឹងសង្គ្រាម។ រីឯក្រុមមួយទៀតដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីការពារជាតិ ភីត ហេកសិត (Pete Hegseth)។ ក្រុមនេះគាំទ្រការធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ង់។

លោកគីរីយ៉ាគុថ្លែងថានៅក្នុងរយៈពេល១២ខែចុងក្រោយនេះ លោកត្រាំបានដកតំណែងមេបញ្ជាការកងទ័ពកំពូលៗជាច្រើននាក់ដែលជាមនុស្សមាននិន្នាការផ្ទុយពីលោក ហើយដាក់ជំនួសដោយអ្នកស្មោះស្ម័គ្រនឹងលោក។ លោកគីរីយ៉ាគុអះអាងថាការប្រកាសរបស់ថ្នាក់ដឹកនាំកំពូលៗអាមេរិក តួយ៉ាងដូចជាការដែលលោកត្រាំបញ្ជាឱ្យបញ្ចេញឯកសារសម្ងាត់ស្ដីពីយូអែហ្វអូ (UFO) ជាយុទ្ធសាស្ត្របង្វែរការចាប់អារម្មណ៍ ខណៈដែលអាមេរិកត្រៀមវាយប្រហារអ៊ីរ៉ង់៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ