ទីក្រុងខូផឹនហេហ្គឹន៖ កោះហ្គ្រីនលែនមិនត្រូវការជំនួយសុខាភិបាលពីប្រទេសដទៃទេ។ នេះជាការថ្លែងរបស់ក្រសួងការពារជាតិដាណឺម៉ាកក្រោយពេលលោកត្រាំប្រកាសថាលោកបានបញ្ជូននាវាមួយគ្រឿងជាមន្ទីរពេទ្យចល័តទៅកាន់កោះហ្គ្រីនលែន។ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោកត្រូអែល លុន ផូលសឹន (Troels Lund Poulsen) ថ្លែងថាប្រជាជនហ្គ្រីនលែនទទួលបានសេវាសុខាភិបាលស្របទៅតាមតម្រូវការរបស់ពួកគេ។

លោកថ្លែងបន្តទៀតថាពួកគេអាចទទួលសេវានេះនៅកោះហ្គ្រីនលែន។ បើសិនពួកគេត្រូវការការព្យាបាលឯកទេស ពួកគេអាចទៅដាណឺម៉ាក។ ហេតុនេះ ពួកគេមិនត្រូវការសេវាសុខាភិបាលពិសេសណាមួយនៅហ្គ្រីនលែននោះទេ។ នៅហ្គ្រីនលែន និងដាណឺម៉ាក ប្រជាជនអាចទទួលសេវាសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ។ នៅហ្គ្រីនលែនមានមន្ទីរពេទ្យចំនួន៥កន្លែង។ ក្នុងនោះ មន្ទីរពេទ្យនៅទីក្រុងនូក (Nuuk) ផ្ដល់សេវាសុខភាពសម្រាប់ប្រជាជនទូទាំងកោះហ្គ្រីនលែន។

កាលពីដើមខែកុម្ភៈ កោះហ្គ្រីនលែន និងដាណឺម៉ាកបានចុះកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាព្យាបាលជំងឺសម្រាប់ប្រជាជនរស់នៅលើកោះហ្គ្រីនលែន។ ពួកគេអាចទៅទទួលសេវាព្យាបាលនៅដាណឺម៉ាក។ កាលពីមុននេះ លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថាលោកត្រៀមបញ្ជូននាវាមួយគ្រឿងដែលប្រើការជាមន្ទីរពេទ្យទៅកោះហ្គ្រីនលែនដើម្បីផ្ដល់សេវាថែទាំសុខភាពសម្រាប់អ្នកដែលមានជំងឺ និងដែលមិនត្រូវបានគេយកចិត្តទុកដាក់។

លោកសរសេររៀបរាប់បន្តទៀតថានាវានោះកំពុងធ្វើដំណើរតម្រង់ទៅរកកោះហ្គ្រីនលែន។ កាលពីពេលកន្លងមក លោកត្រាំធ្លាប់បានប្រកាសថាអាមេរិកត្រូវតែគ្រប់គ្រងកោះហ្គ្រីនលែនដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន។ ផ្ទុយពីការអះអាងពីដំបូងដៃថាលោកអាចនឹងប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងកោះនេះ ក្រោយមក លោកបន្ទន់ឥរិយាបថបន្តិចវិញបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអគ្គលេខាធិការអង្គការណាតូដើម្បីឱ្យអាមេរិកមានតួនាទីកាន់តែធំទូលាយនៅលើកោះនេះ។

រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាកថ្លែងថាលោកមិនបានដឹងថាមាននាវាដែលប្រើប្រាស់ជាមន្ទីរពេទ្យធ្វើដំណើរទៅឈប់សំចតនៅកោះហ្គ្រីនលែនទេ។ លោកថាលោកត្រាំឧស្សាហ៍បង្ហោះសារនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងកោះហ្គ្រីនលែន។ ដូចនេះ លោកយល់ថាពាក្យសម្ដីចុងក្រោយនេះជារឿងធម្មតា។ កាលពីថ្ងៃសៅរ៍ បញ្ជាការដ្ឋានកងទ័ពដាណឺម៉ាកប្រចាំខ្សែវ័ណ្ឌអាកទិចប្រកាសថាខ្លួនបានជម្លៀសទាហានជើងទឹកម្នាក់នៃកងទ័ពម៉ារីនអាមេរិកប្រចាំការនៅឆ្នេរសមុទ្រទីក្រុងនូក (Nuuk) បន្ទាប់ពីទាហានរូបនោះស្នើសុំសេវាសង្គ្រោះបន្ទាន់៕ ប្រភព៖ អារ៉ាប់ ញូស៍ (Arab News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ