ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានអះអាង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ថា មានគម្រោង៣៥ ដែលមានទឹកប្រាក់១៥៦លានដុល្លារកំពុងចែចូវចង់មកវិនិយោគនៅខេត្តព្រះសីហនុបន្ថែម ។
ប្រភពដដែលបានឲ្យដឹងថា គម្រោងទាំងនេះមានសួនឧស្សាហកម្មសម្រាប់រោងចក្រក្នុងវិស័យសត្វចិញ្ចឹម, រោងចក្រកែច្នៃគ្រឿងសង្ហារឹម, រោងចក្រកែច្នៃសំណល់, រោងចក្រផលិតបំពង់ទឹក, ស្ថានីយសាករថយន្តអគ្គិសនី, សិប្បកម្មផលិតប្រេងឆា, រោងចក្រផលិតកេសកាតុង, អគារពហុមុខងារ, សណ្ឋាគារ និង ផ្សារទំនើបជាដើម ដែលរំពឹងថា នឹងបង្កើតឱកាសការងារថ្មីៗរាប់ពាន់កន្លែងបន្ថែមទៀត ។
ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន៤១៣ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង៨ ពាន់លានដុល្លារ និងអាចបង្កើតការងារជាង ៥៥.០០០កន្លែង មកវិនិយោគនៅខេត្តព្រះសីហនុ ។
ដោយឡែក អគារខ្មោចដែលជាប់គាំងចំនួន៧៦ គម្រោងត្រូវបានលើកទឹកចិត្តឲ្យបន្តសាងសង់ឡើងវិញក្រៅពីនោះ ៣០គម្រោងផ្សេងទៀតបានសាងសង់រួចរាល់ និង ដំណើរការអាជីវកម្ម និងបានទាក់ទាញគម្រោងវិនិយោគថ្មីលើអគារចំនួន ១៧៩ គម្រោងបន្ថែម ។
ចែករំលែកព័តមាននេះ