ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ដំឡើងពន្ធសកលថ្មី​ដល់ ១៥% ក្រោយការសម្រេចពីតុលាការកំពូលលុបចោលពន្ធបដិការពីមុនរបស់លោក

20 វិនាទី មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនឹងដំឡើងពន្ធគយលើទំនិញសកលរហូតដល់ ១៥%…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនឹងដំឡើងពន្ធគយលើទំនិញសកលរហូតដល់ ១៥% ដែលនាំចូលមកសហរដ្ឋអាមេរិក ខណៈលោកនៅតែបន្តរិះគន់ការសម្រេចរបស់តុលាការកំពូលអាមេរិក ដែលបានលុបចោលការអនុវត្តពន្ធបដិការពីមុនរបស់លោកលើប្រទេសជាច្រើននៅលើពិភពលោក ដោយលើកឡើងថា លោកបានបំពានសិទ្ធិអំណាច។ នេះបើតាមប្រភពពី BBC និង Reuters បានចេញផ្សាយ។

ការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងតិចជាង ២៤ ម៉ោង បន្ទាប់ពីលោក ត្រាំ បានប្រកាសពន្ធសកលថ្មីចំនួន ១០% កាលពីថ្ងៃសុក្រ (ម៉ោងនៅសហរដ្ឋអាមេរិក) បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ដោយលុបចោលពន្ធបដិការ​ពីមុនរបស់លោក។

ពន្ធគយ ១០% ត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆាប់ៗខាងមុខនេះ ប៉ុន្តែនៅមិនទាន់ច្បាស់ទេថា តើការដំឡើងពន្ធដល់ ១៥% ក៏នឹងត្រូវអនុវត្តនៅក្នុងកាលបរិច្ឆេទដូចគ្នាដែរឬទេ? បើទោះបីជាលោក ត្រាំ អះអាងក្នុងការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Truth Social ថា ពន្ធ ១៥ % នឹង​ចូលជាធរមានភ្លាមៗ យ៉ាងណាក៏ដោយ ខណៈដែល BBC នៅថ្ងៃទី២២ ខែកុម្ភៈ បានទាក់ទងទៅសេតវិមាន ដើម្បីសុំការអធិប្បាយ។ 

ការយកពន្ធថ្មីទាំងនេះមានមូលដ្ឋាននៅក្នុងច្បាប់ដាច់ដោយឡែកមួយ ដែលមិនធ្លាប់បានប្រើប្រាស់ពីមុន ដោយត្រូវបានស្គាល់ថា មាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលអនុញ្ញាតឱ្យដាក់ពន្ធដល់ ១៥% ក្នុងរយៈពេល ១៥០ ថ្ងៃ ហើយផុតពីនោះ តម្រូវឱ្យរដ្ឋបាលស្វែងរកការយល់ព្រមពីសភាដើម្បីអនុម័តការអនុវត្តបន្ត។ គ្មានប្រធានាធិបតីណាម្នាក់ធ្លាប់បានប្រើមាត្រា ១២២ ពីមុនមកទេ ហើយការប្រើប្រាស់អាចនាំឱ្យមានបញ្ហាប្រឈមផ្នែកច្បាប់បន្ថែមទៀត។

ជាមួយគ្នាដែរ អត្រាពន្ធថ្មី ១៥% នៅក្នុងមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ បានលើកឡើងជាសំណួរទាក់ទងនឹងប្រទេសដូចជា ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពន្ធ ១០% ជាមួយសហរដ្ឋអាមេរិក។

លោក ត្រាំ បានបញ្ជាក់ថា រដ្ឋបាលរបស់លោកបានឈានដល់ការសម្រេចចិត្តដំឡើងពន្ធគយ ១៥% បន្ទាប់ពីការពិនិត្យឡើងវិញនូវការសម្រេចចិត្តដ៏គួរឱ្យអស់សំណើច សរសេរមិនបានល្អ ប្រឆាំងនឹងសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្លាលើពន្ធគយ ដែលបានចេញផ្សាយដោយតុលាការកំពូល កាលពីថ្ងៃសុក្រ។

នៅក្នុងការសម្រេចសំឡេងគាំទ្រ ៦ ទល់នឹង ៣ ចៅក្រមតុលាការកំពូលអាមេរិកបានរកឃើញថា លោកប្រធានាធិបតី ត្រាំ បានបំពានអំណាចរបស់លោក នៅពេលលោកបានដាក់ចេញការអនុវត្តពន្ធគយសកលកាលពីឆ្នាំមុន ដោយប្រើច្បាប់ឆ្នាំ ១៩៧៧ ដែលគេស្គាល់ថា ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ឬហៅកាត់ថា IEEPA។ ដ្បិតតាមរយៈច្បាប់នេះ សហរដ្ឋអាមេរិកបានប្រមូលពន្ធយ៉ាងហោចណាស់ ១៣០ ពាន់លានដុល្លាររួចទៅហើយ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលចុងក្រោយបំផុត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ