ទីក្រុងតេអេរ៉ង់៖ ក្រោយការហែបាតុកម្មដ៏គគ្រឹកគគ្រេងពេញផ្ទៃប្រទេសកាលពីខែមករាដែលនាំទៅដល់ការប៉ះទង្គិចគ្នារវាងបាតុករ និងសមត្ថកិច្ច បណ្ដាលឱ្យស្លាប់រាប់ពាន់នាក់ រដ្ឋាភិបាលអ៊ីរ៉ង់ចង់បង្ហាញថាខ្លួនមិនជាប់ពាក់ពន្ធនៅក្នុងការស្លាប់មនុស្សយ៉ាងរង្គាលនោះឡើយ។ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់អះអាងថាករណីស្លាប់ទាំងនោះជាស្នាដៃរបស់ក្រុមភេរវករ។ ការថ្លែងដូច្នេះចំពេលដែលលោកត្រាំ និងក្រុមសិទ្ធិមនុស្សកំពុងពិនិត្យមើលឡើងវិញនៅក្នុងបញ្ហានេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបាស់ អារ៉ាក់ឈី (Abbas Araghchi) ថ្លែងថារដ្ឋាភិបាលរបស់លោកបានបូកសរុបរបាយការណ៍ឃើញថាអ្នកស្លាប់សរុប៣១១៧នាក់ដែលជាជនរងគ្រោះដោយសារស្នាដៃក្រុមភេរវករ។ នៅក្នុងចំណោមនោះក៏មានសមត្ថកិច្ច២០០នាក់ផងដែរ។ លោកបានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាបើនរណាម្នាក់ជំទាស់នឹងរបាយការណ៍នេះដោយសំអាងថាគ្មានសុក្រឹតភាព សូមបង្ហាញភស្តុតាងមក។

កាលពីមុននេះ លោកអះអាងថានៅក្នុងចំណោមអ្នកស្លាប់ដូចរៀបរាប់ខាងលើនេះ ៦៩០នាក់ជាក្រុមភេរវករដែលបំពាក់អាវុធ និងជួយជាថវិកាដោយរដ្ឋាភិបាលអាមេរិក និងអ៊ីស្រាអែល។ ប្រមុខការទូតអ៊ីរ៉ង់លើកឡើងដូចខាងលើនេះត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកដូណាល់ត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាមនុស្សរហូតដល់៣២០០០នាក់បានស្លាប់នៅអំឡុងពេលហែបាតុកម្ម។

លោកត្រាំថ្លែងបន្ថែមទៀតថាប្រជាជនអ៊ីរ៉ង់រស់នៅក្នុងឋាននរកក្រោមរបបដឹកនាំបែបសាសនាធិបតេយ្យ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ង់ លោកស្រីម៉ាអ៊ី សាតុ (Mai Sato) ថ្លែងថាជនស៊ីវិលជាង២ម៉ឺននាក់ទំនងជាត្រូវបានគេសម្លាប់។ ព័ត៌មាននៅអ៊ីរ៉ង់មានលក្ខណៈរឹតត្បិត។ ដូច្នេះគេមិនអាចដឹងតួលេខពិតប្រាកដបានឡើយដោយសារប្រព័ន្ធអ៊ីនធឺណិតត្រូវរដ្ឋាភិបាលពិនិត្យពិច័យយ៉ាងខ្លាំង។

ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅអាមេរិក HRANA ថ្លែងថាខ្លួនបានប្រមូលតួលេខឃើញអ្នកស្លាប់ជាង៧ពាន់នាក់នៅអំឡុងពេលហែបាតុកម្ម។ ឥឡូវនេះ ខ្លួនកំពុងស៊ើបអង្កេតករណីស្លាប់ជិត១២០០០នាក់ទៀត។ លោកស្រីសាតុ រួមជាមួយអ្នកជំនាញខាងសិទ្ធិមនុស្សរាប់សិបនាក់ទៀតបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយដើម្បីស្នើសុំឱ្យអាជ្ញាធរអ៊ីរ៉ង់បញ្ចេញរបាយការណ៍ពិតប្រាកដស្ដីពីមនុស្សរាប់ម៉ឺននាក់ដែលត្រូវចាប់ខ្លួន។ ពួកគេចង់ដឹងថាតើនៅពេលនេះ អ្នកទាំងនោះមានជោគវាសនាបែបណាហើយ។ ម៉្យាងទៀត ពួកគេក៏ស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការកាត់ទោសប្រហារជីវិត និងប្រហារជីវិតអ្នកដែលជាប់ពាក់ព័ន្ធនឹងការហែបាតុកម្មនោះ៕ ប្រភព៖ អាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ