ខេត្តពោធិ៍សាត់ ៖ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងក្រុមការងារ បានចុះពង្រឹងគុណភាពសេវា នៅតាមមន្ទីរពេទ្យបង្អែកស្រុក ក្នុងខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់ការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្រោយរងផលប៉ះពាល់ពី ជម្លោះព្រំដែនកន្លងមក។

ការចុះពិនិត្យផ្ទាល់ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សា និងផ្តល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល រួមមាន៖ (១) រៀបចំផែនការអភិវឌ្ឍន៍មន្ទីរពេទ្យ (២) ពង្រឹងបច្ចេកទេសផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសង្គ្រោះទារក ផ្នែកមន្ទីរពិសោធន៍ (៣) យកចិត្តទុកដាក់បន្ថែមលើការបម្រើសេវាសុខភាពមាត់ធ្មេញ សុខភាពភ្នែក និងសុខភាពផ្លូវចិត្ត (៤) ពង្រឹងការគ្រប់គ្រង ថែរក្សាឱសថ ឧបករណ៍ និងសម្ភារបរិក្ខារពេទ្យ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស (៥)ពង្រឹងប្រព័ន្ធបញ្ជូនជំងឺតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនអ្នកជំងឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងបន្តកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈឱ្យកាន់តែប្រសើរឡើង។

បេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីពាក់ព័ន្ធ មកពីមន្ទីរពេទ្យបង្អែកក្រគរ, ភ្នំក្រវាញ, កណ្តៀង និងបាកាន។


ចែករំលែកព័តមាននេះ