ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក ៖ អាម៉េរិក​កំពុង​ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែម​ទៀត ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា

59 វិនាទី មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គ្រី​ស្តូ​ហ្វឺ ឡាន​ដាវ (Christopher Landau) អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​កិច្ចប្រជុំ​លើក​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព (Board of Peace) នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន សហរដ្ឋ​អាម៉េរិក ។

ក្នុង​ឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម​អនុរដ្ឋមន្ត្រី​ការ​បរទេស បាន​ថ្លែងអំណរគុណ​កម្ពុជា​ចំពោះ​ការ​ចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុមប្រឹក្សា​សន្តិភាព និង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​សម្ដេច​ធិ​បតី នៅ​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព​។
ឯកឧត្តម ក៏​បាន​ជម្រាប​ជូន​សម្ដេច​ធិ​បតី ថា ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ជេ ត្រាំ (Donald J. Trump) មាន​មោទនភាព​ចំពោះ​ការ​រួមចំណែក​ក្នុង​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្ពុជា និង​ថៃ ។

ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​បន្ត​ថា សហរដ្ឋ​អាម៉េរិក​យល់​ច្បាស់​អំពី​តម្លៃ នៃ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា ហើយ​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​នាំ​មក​នូវ​សន្តិភាព​យូរអង្វែង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ។

ក្នុង​ក្រប​ខណ្ឌ​នៃ​ទំនាក់ទំនង​ទ្វេភាគី​, ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កា​រវិ​វត្ត​វិជ្ជមាន​ជា​បន្តបន្ទាប់ នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​អាម៉េរិក​-​កម្ពុជា ​។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ពី​កាលានុវត្តភាព​ថ្មី​ៗ​បន្ថែម​ទៀត សំដៅ​ធ្វើ​ឱ្យ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នេះ កាន់តែ​រឹង​មាំ ជា​ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ ។

ទន្ទឹម​នេះ​, ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​កម្ពុជា ដែល​តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា (Air Cambodia) បាន​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ Boeing 737 MAX ពី​សហរដ្ឋ​អាម៉េរិក នា​ពេល​ថ្មី​ៗ​នេះ​។ ដោយ​កត់សម្គាល់​ពី​ការ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​, សហរដ្ឋ​អាម៉េរិក​កំពុង​បន្ត ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែម​ទៀត សំដៅ​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា ​។

ជា​ការ​ឆ្លើយ​តប​, សម្ដេច​ធិ​បតី បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋ​អាម៉េរិក ចំពោះ​ជំនួយ និង​ការ​គាំទ្រ​នានា​ដល់​ប្រទេស​កម្ពុជា នា​ពេល​កន្លង​មក ដែល​បាន​រួមចំណែក​ព​ន្លឿ​ន​ការ​អភិវឌ្ឍ និង​ការ​កសាង​ប្រទេស​ឡើង​វិញ ក្រោយ​ការ​បិទ​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​។
សម្ដេច​ធិ​បតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន ​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​, ការពារ​ជាតិ និង​សន្តិសុខ​ ។

សម្ដេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ជេ ត្រាំ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ក្នុង​ការ​ជំរុញ​ដំណើរការ​សន្តិភាព​កម្ពុជា​-​ថៃ ​។

ជាមួយ​គ្នា​នេះ​, សម្ដេច​ធិ​បតី បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាម៉េរិក​បន្ត​គាំទ្រ​ដល់​ដំណើរការ​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ។

សម្ដេច​ធិ​បតី ក៏​បាន​ជម្រាប​ឯកឧត្តម​អនុរដ្ឋមន្ត្រី អំពី​កា​រវិ​វត្ត​ចុង​ក្រោយ​ នៃ​ស្ថានការណ៍​ជាក់ស្ដែង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​បញ្ជាក់​សា​ជា​ថ្មី​អំពី​ជំហរ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែក​លើ​ច្បាប់​អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង រវាង​ប្រទេស​ទាំង​ពីរ​។

មុន​នឹង​បញ្ចប់​, សម្ដេច​ធិ​បតី និង​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក បាន​បន្ត​ពិភាក្សា​អំពី​វិធានការ​បន្ត សំដៅ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​, សន្តិសុខ និង​ការពារ​ជាតិ​, ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ